Thursday, May 28, 2020

ឃើញទីបេត៍នឹកកម្ពុជាក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ព្រះសង្ឃទីបេត៍ស្នេហាទឹកដី
ក្រោកឡើងគ្មានភ័យប្រឆាំងរដ្ឋចិន
ជាអាណានិគមសង្កត់សង្កិន
បំផ្លាញបង្ហិនជាតិនិងសាសនា ។
អាជ្ញាធរចិនមិនត្រាប្រណី
បាញ់យ៉ាងចាស់ដៃប្រល័យសង្ឃា
អ្នកទ្រទ្រង់សីលចិត្តដល់មេត្តា
លះបង់ហិង្សាព្រោះសន្តិភាពពិត ។
ខ្មែរក្រោម ទីបេត៍ សមាជិកអិនប៉ូ (UNPO)
ប្តេជ្ញាតស៊ូផ្តាច់ប្តូរយកសិទ្ធិ
សម្រេចវាសនាខ្លួនដោយខ្លួនឯងពិត
លើដីពិសិដ្ឋកេរពីដូនតា ។
ព្រះសង្ឃខ្មែរក្រោមប្រឈមតស៊ូ
ការពារអម្បូរពូជពង្សសាសនា
នៅកម្ពុជាក្រោមត្រូវយួនប្រហារ
អំពើផ្តាច់ការគង់ចាញ់យុត្តិធម៌ ៕៚

ផ្ទះចាបសម្បុកមនុស្ស

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

សត្វចាបមានផ្ទះរស់សុខសាន្ត
គ្មានអ្នករំខានទន្ទ្រានចាប់
នៅក្នុងប្រទេសមានសណ្ដាប់
មនុស្សគោរពច្បាប់សិទ្ធិនានា ។
បក្សីបក្សាដើរសេរី
គ្មានអ្នកបំភ័យគំរាមវា
មានសិទ្ធិត្របាញ់វេញគេហា
នៅជិតមនុស្សាដោយក្សេមក្សាន្ត ។
មនុស្សបាត់ប្រទេសស្លាប់មិនសុខ
គេតាមចាក់រុកទុក្ខរំខាន
ហោះហើរមិនរួចស្គមស្គាំងប្រាណ
ពួកព្រានតាមដានបាញ់រាល់ថ្ងៃ ។
សម្បុកតូចតាចដាចរហែក
កូនចៅយំយែកបែកទីទៃ
ចង់អភិវឌ្ឍខ្លួនឲ្យថ្លាថ្លៃ
តែគ្មានសេរីអ្វីសោះឡើយ ។
ព្រានចងព្រានចាប់រាប់លកលៃ
ដាក់ខ្នោះឃ្នាងដៃទុក្ខឥតស្បើយ
រស់បាត់ប្រទេសគ្មានល្ហែល្ហើយ
សម្បុកធ្វើហើយត្រូវព្រាត់ប្រាស ។
ចាបនៅក្នុងផ្ទះសោយសុខា
ព្រោះមានរដ្ឋាជាមោទនៈ
មនុស្សគ្មានសម្បុកទុក្ខខ្លាំងណាស់
ព្រោះត្រូវព្រាត់ផ្ទះបាត់ប្រទេស ៕៚

ខេត្តអយុធ្យា ប្រទេសថៃ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែជេស្ឋ
ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា គ. ស. ២០១១

ក្រមាម្ដាយខ្ញុំ

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ក្រមាម្ដាយមួយត្រួយជីវិត
ម្ដាយតែងជួតជិតនិត្យកេសា
ទោះធ្វើដំណើរទៅមកណា
ក្រមានេះណាត្រាជាប់ប្រាណ ។
ខួបប្រាំងវស្សាម្ដាយធ្វើស្រែ
ក្រមាតែងតែផ្ដល់សុខសាន្ត
បិទបាំងកំដៅយ៉ាងក្សេមក្សាន្ត
ឬម្ដាយវ័ណ្ឌប្រាណពេលរងា ។
អាណិតរូបម្ដាយកាយលំបាក
ញើសហូរសស្រាក់ហាក់គង្គា
ម្ដាយយកក្រមាដិតភក្រ្តា
ស្បើយក្នុងឱរាចិន្ដាល្ហែ ។
ថ្ងៃសីលម្ដងៗម្ដាយទៅវត្ត
គោរពត្រៃរ័ត្នឥតខានទេ
ថ្វាយភត្តព្រះសង្ឃជាហូរហែ
ក្រមាតែងតែជាប់លើស្មា ។
កាលកូននៅតូចក្រូចឆ្មារពិត
ម្ដាយស្នេហ៍ម្ដាយស្និទ្ធផ្ដិតឱរា
ម្ដាយយកក្រមាគ្របកាយា
ឲ្យកូននិន្ទ្រាត្រាស្កប់ស្កល់ ។
កូនកេងអង្រឹងលង់ទយា
មូសរបោមជាសត្វអំពល់
ក្រមាធ្វើផ្លិតផាត់បក់ផ្ដល់
ដោយហត្ថនិមលម្ដាយឧត្ដម ។
កូនហៀរសម្បោរឬទឹកមាត់
ទឹកក្អែទឹកមូត្រម្ដាយឥតតម
ក្រមាតែងដិតជូតថ្នមៗ
ម្ដាយបីម្ដាយបមលោមត្រកង ។
ពេលរំជួលអួលណែនព្រះទ័យ
ឬកើតរីងរៃភ័យម្ដងៗ
ទឹកភ្នែកជោរជោកភ័ក្ត្រផូរផង់
ក្រមាឆោមយង់លួងចិត្តម្ដាយ ។
មហាសង្វេគសំរែកទុក្ខ
ម្ដាយឆោមទៅមុខកាន់លោកនាយ
ក្រមាដណ្ដប់គ្របសពម្ដាយ
ក្រមានិត្យកាយលុះអវសាន ។
រូបកូនសែនស្រណោះស្រណោក
បន្សល់សំណោកពេញអាត្ម័ន
បាត់ក្រមាបាត់ម្ដាយគុណធ្ងន់
ឱ ! អ្នកមានគុណគឺម្ដាយខ្ញុំ ៕៚

កំណាព្យនេះ អាត្មាបាននិពន្ធកាលនៅ វត្តចម្ប៉ាបូរី (ត្រោកលិច)
និង បាន ទស្សនាវដ្ដីវប្បធម៌ត្រាវិញ  យកទៅចុះផ្សាយ នៅឆ្នាំ ២០០៥ ។

ចេញពីគុកកូនពេញក្រមុំ

សូមឧទ្ទិសកំណាព្យនេះជូនដល់យុទ្ធជនខ្មែរក្រោម 
ដែលបានបូជាជីវិតក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា និង 
អ្នកកំពុងមានជីវិតរស់នៅៗឡើយដែលសល់ពីការសម្លាប់ 
របស់រដ្ឋាភិបាលយួនក្នុងព្រឹត្តិការណ៍មួយនេះ ។

ម្ភៃឆ្នាំរងទុក្ខក្នុងគុកងឹត
ឈឺក្រៀមក្រំចិត្តគិតរឹតទ្វេ
យួនវាយដំខ្លួនមិនថ្វីទេ
ជាតិនៅក្រោមគេឈឺកន្លង ។
ក្រោយថ្ងៃដប់ប្រាំមួយវិច្ឆិកា
រងទុក្ខខ្លោចផ្សាលាប្អូនបង
ឃ្លាតប្រពន្ធកូនស្ងួនស្នេហ៍ស្នង
ម្ភៃឆ្នាំអនង្គនៅមេម៉ាយ ។
ក្នុងគុកងងឹតដូចភ្នែកខ្វាក់
ក្នុងចិត្តខ្ញុំជាក់ភ្លឺសុះសាយ
នឹកឃើញរឿងដើមគ្មានរសាយ
ពេលខ្លួនឃ្លាតឆ្ងាយអ្នករាល់គ្នា ។
នឹកឃើញទឹកភ្នែកភរិយាថ្លៃ
ខំប្រឹងបក់ដៃយំគ្រាំគ្រា
ដៃជាប់ចំណងគ្មានពាក្យលា
ម៉ែឪមីងមាជាសាច់ញាតិ ។
យួនចងស្លាបសេកបណ្ដើរខ្ញុំ
កាន់គុកលត់ដំតាមផ្លូវជាតិ
ឲ្យយួនមើលមុខចងអាឃាត
ដុំថ្មព្រោងព្រាតចោលមកខ្ញុំ ។
ទោះយួនដៀលខ្ញុំថាចោលម្សៀត
តែនេះរឿងជាតិជារឿងធំ
គ្មានរឿងផ្ទាល់ខ្លួនចងគំនុំ
នេះជារឿងធំរឿងពូជសាសន៍ ។
ដល់ថ្ងៃកំណត់ចេញពីគុក
ម្ដាយនិងឪពុកវ័យជ្រេចាស់
កូនពេញក្រមុំមិនស្គាល់ច្បាស់
ម្ភៃឆ្នាំឃ្លាតផ្ទះទុក្ខប្រពន្ធ ៕៚

បាងកក, ប្រទេសថៃ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១១

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

គុក

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

គុកសម្រាប់ឃុំឧក្រិដ្ឋជន
ប្រព្រឹត្តទោសធ្ងន់បង្ហិនគេ
ចោរប្លន់សម្បត្តិមានម្ចាស់ថែ
យកធ្វើជាកេរខ្លួនឥតខ្មាស់ ។
គុកសម្រាប់ឃាំងឃាតក
គ្មានមនុស្សធម៌សាងបាបក្រាស់
សម្លាប់គេឯងដោយមោហៈ
គួរច្បាប់រូតរះដាក់ពិន័យ ។
គុកសម្រាប់លត់ដំមនុស្ស
ដែលបានធ្វើខុសឥតសង្ស័យ
ឲ្យកែប្រែខ្លួនមានតម្លៃ
សាងជីវិតថ្មីក្នុងសង្គម ។
គុកសម្រាប់ឃាំងជនកំហូច
ដែលបានប្លន់លួចកេងបន្លំ
ទ្រព្យសម្បត្តិជាតិខុសក្រឹត្យក្រម
សាងខ្លួនស្តុកស្តម្ភជាន់ក្បាលរាស្ត្រ ។
គុកសម្រាប់ឃុំពួកអ្នកមាន
រំលោភបំពានហ៊ានជម្លៀស
ប្រជាស្លូតត្រង់ឲ្យនិរាស
យកដីគេហៈឥតខ្មាសអៀន ។
របបកុម្មុយនិស្តយួនច្បាប់ព្រៃ
សាងគុកដើម្បីឃាំងអ្នកហ៊ាន
រិះគន់បទរំលោភបំពាន
ឬអ្នកដែលហ៊ាននិយាយពិត ។
សាងគុកឃុំតែអ្នកស្លូតត្រង់
ខ្មែរក្រោមព្រះសង្ឃល្អបរិសុទ្ធិ
ម្តេចឡើយមិនឃុំជនឧក្រិដ្ឋ
នេះហើយគុកងឹតគុកច្បាប់ព្រៃ ៕៚
 
បាងកក, ប្រទេសថៃ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១១

កុំភ្លេច ! កុំភ្លេច !

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ដប់ប្រាំបីធ្នូជំនោរខ្យល់ផាត់
តារារសាត់អបចន្ទមណ្ឌល
ឱ ! តារាអើយអ្នកគ្មានកង្វល់
មានចន្ទនិមលឃុំគ្រងរក្សា  ។
រាត្រីសែនស្ងាត់វិបត្តិម្នាក់ឯង
មិនដឹងនឹងថ្លែងប្រាប់ដល់អ្នកណា
ថាខ្មែរក្រោមទុក្ខទំនុកខ្លោចផ្សា
ខំរែកទុក្ខាព្រោះបាត់សេរី ។
ដប់ប្រាំបីធ្នូឆ្នាំប៉ែតប្រាំមួយ (๑)
ខ្មែរក្រោមទុក្ខព្រួយព្រោះបាត់ស្មារតី
ព្រះ គឹម តុក ចើង ត្រូវខ្មាំងប្រល័យ
គឺយួនស្រកីខ្មែរក្រោមត្រូវចាំ ។
ប្រវត្តិក្អួតឈាមដាមជាប់ដួងចិត្ត
ខ្មែរក្រោមត្រូវគិតត្រូវកត់ចំណាំ
ត្បកហើយអង្អែលខ្មែរភ្លេចរឿងដើម
អ្នកខ្លះញញឹមថា «យួនជាមិត្ត» ៕៚
ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

(๑) ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៦ ព្រះតេជព្រះគុណ គឹម តុក ចើង ជាមេគណ ខេត្តព្រះត្រពាំង ត្រូវរដ្ឋាភិ បាលបក្សកុម្មុយនិស្តយួន សម្លាប់ក្នុងគុក ហើយ សងលុយចំនួន ២ លានដុងទៅគ្រួសារព្រះសពព្រះ អង្គ ដើម្បីលុបលាង កំហុស ។ 

ជំងឺខ្មែរក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ខ្ញុំមានជំងឺឈឺសុសសព្វកាយ
ជំងឺផ្ដាសាយព្រោះមេឃមិនទៀង
ស្ទើរក្តៅត្រជាក់ស្ទើររាំងស្ទើរភ្លៀង
ឈឺសព្វសារពាង្គព្រោះធាតុអាកាស ។
ជំងឺឈឺចិត្តដ្បិតដីបានគេ
ឈឺឃើញជាតិខ្មែររស់ក្នុងសម្រាស់
ដែនកម្ពុជាក្រោមគឺកេរខ្មែរច្បាស់
ឥឡូវព្រាត់ប្រាសនិរាសទៅឆ្ងាយ ។
ជំងឺចម្ងល់ខ្វល់នឹងខ្មែរក្រោម
រងទុក្ខទ្រុឌទ្រោមលោមកម្មអប្រិយ
ដើរលើភ្នក់ភ្លើងលេបគ្រួសជួសបាយ
លោហិតហូរខ្ចាយក្លាយជាគង្គា ។
ជំងឺធ្ងន់ម្លឹងខ្មែរនឹងគិតម្តេច
យួនប្រើកលល្បិចគ្រប់ពេលវេលា
យើងត្រូវផ្សំថ្នាំឲ្យចំរោគា
ខ្មែរក្រោមបានជាលារោគរីងរៃ ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

រស់ព្រោះហ៊ានស្លាប់

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ជាតិ យើងរងទុក្ខគ្រប់យុគសម័យ
ដង្ហោយ រីងរៃស្ទើរក្ស័យសង្ខារ
ស្រែក ឲ្យបងជួយដោះស្រាយបញ្ហា
រក សិទ្ធិម្ចាស់ការសិទ្ធិជនជាតិដើម  ។
បង នៅក្រៅស្រុកប្រឹងគ្រប់នាទី
ឲ្យ ជាតិដែនដីយើងមានដង្ហើម
ដោះ ស្រាយបញ្ហាដែលមានពីដើម
ចំណង ជ្រួលជ្រើមយួនធ្វើបាបខ្មែរ ។
ពី អតីតកាលដល់បច្ចុប្បន្ន
នឹម យួនជិះជាន់គ្មានល្ហើយល្ហែ
ដែក គាបក្នុងគុកទុក្ខព្រាត់ពុកម៉ែ
យួន សងដីកេរព្រោះ «ខ្មែរហ៊ានស្លាប់» ៕៚

ទីក្រុងបាងកក, ប្រទេសថៃ ថ្ងៃទី ២៨ ខែតុលា
គ. ស. ២០១០ ព. ស. ២៥៥៤

គំលានសេរីភាព

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

កើតជាខ្មែរក្រោមដូចខែរនោច
ជីវិតអសោចិ៍លើដីដូនតា
រស់មែនតែគ្មានសិទ្ធិជាមនុស្សា
ត្រូវយួនប្រហារគំរាមរាល់ថ្ងៃ  ។
អន្ទង់ខ្លាចភក់កុកបែរខ្លាចបឹង
ខ្មែរក្រោមខំប្រឹងរស់ទាំងរីងរៃ
ខ្មែរក្រោមមានវត្តសង្ឃមានស្បង់ស្បៃ
ព្រោះមានអ្នកក្ស័យប្រល័យជន្មា ។
សាលាខ្មែរក្រោមមានតែក្នុងវត្ត
សង្ឃពឹងបាយបាត្រអំណត់សិក្សា
ដើម្បីបំបាត់គ្រោះអវិជ្ជា
គេរិះគន់ថារៀនចប់ធ្វើស្រែ ។
អាណិតអាណោចស្ត្រីទាំងឡាយ
មិនចេះអានឡើយតួអក្សរខ្មែរ
រស់ក្នុងភក់ល្បាប់រងទុក្ខឥតល្ហែ
តើថ្ងៃណាខ្មែរក្រោមមានសេរី ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

កម្មម្តាយក្នុងគុកទុក្ខកូនក្នុងផ្ទៃ

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ទំនុកទំនួញទួញញ័រប្រមាត់
គួរអាណោចអាណិតជីវិតស្រ្តី
រស់ក្រោមអំណាចខ្មាំងប្លន់បុរី
ជាប់គុកទុក្ខពរផ្ទៃប្រាំបីខែ  ។
នាងនួនខ្លួនជួនជាជនជាតិដើម
រស់ដោយថប់ដង្ហើមក្រោមនឹមគេ
រែកទារុណកម្មរងទុក្ខឥតល្ហែ
ខ្លួនក្លាយជាខ្ញុំគេកេរ្តិ៍អាស្រូវ ។
ប្តីត្រូវគេសម្លាប់ចាប់វះពោះ
ខ្លួនស្ត្រីមានផ្ទៃពោះរស់សោកសៅ
ក្នុងរណ្តៅគុកងឹតឥតពង្សផៅ
បានត្រឹមខ្សឹបប្រាប់ទៅកូនក្នុងផ្ទៃ ។
ឈ្មោះមេម៉ាយកាយពរផ្ទៃក្នុងគុក
នេះរឿងរ៉ាវទុក្ខសំណោកស្រ្តី
ជនជាតិដើមខ្មែរក្រោមនៅហេដ្ឋបូរី
និរាសព្រាត់ប្រាសប្តីរីងរៃចិត្ត ។
មួយខែដប់ថ្ងៃ (๑) ក្នុងផ្ទៃពោះម្តាយ
ត្រូវរស់គ្មានន័យស្មើក្ស័យជន្មពិត
រស់គ្មានជីវជាតិបំប៉នជីវិត
កាយកូនក្រៀមក្រំស្វិតរឹតរីងរៃ ។
ពេលកើតមកពន្លកខនខានយល់
រស្មីចន្ទនិមលនិងសុរិយ
មិនទាន់ស្គាល់ធម្មជាតិក្នុងលោកីយ៍
កម្មលិខិតអប្រិយប្រល័យពៅ ។
ប្តីស្លាប់ទៅនៅសល់សំណោក
បុត្រភ្ងាស្រស់ពន្លកក្សិណក្ស័យទៅ
ទុក្ខម្តាយប្រពន្ធរស់ក្នុងសំណៅ
ជីវិតទុក្ខសោកសៅ «រស់ដូចស្លាប់» ៕៚

(๑) ពេលយួនចាប់ដាក់គុក ស្រ្តីខ្មែរក្រោមរូបនេះ ពរផ្ទៃបាន ៨ ខែ ។
នៅក្នុងគុកបាន ១ និង ១០ ថ្ងៃក៏សម្រាលកូន ។

ទំនួញស្ត្រីខ្មែរក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ស្ទឹងទឹកនេត្រាហៀរជោកប្រថពី
ក្លាយជាវារីស្រោចលើដីខ្មែរ
ទំនុកទំនួញទួញសោកគ្មានល្ហែ
អាសូរស្រ្តីខ្មែរនៅកម្ពុជាក្រោម ។
ជង្រុកទុក្ខធំដូចភ្នំសុមេរុ៍
សម្រែកស្រ្តីខ្មែរស្ទើរតែទ្រុឌភ្នំ
មេឃបាក់ដីបែកដើម្បីសំណូម
ពិភពលោកចោមរោមកាត់វាសនា ។
មានតែភក់ល្បាប់ជាប់ជាយជីវិត
កែវភ្នែកមានពិតងងឹតអន្ធការ
ថ្លុកជើងក្នុងស្រែប្រែជាជលសា
មិនចេះអក្ខរាដូនតាខ្មែរឡើយ ។
សូរទឹកភ្នែកធ្លាក់ហាក់ស្នូរទឹកជ្រោះ
ដាស់ខ្មែរស្រីប្រុសកុំបីកន្តើយ
រំដោះខ្មែរក្រោមចេញពីយួនឈ្លើយ
ជាតិឯករាជហើយស្រីបានរុងរឿង ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

ទឹកភ្នែក ១៩៤៩ តំណក់ ក្រោមរបបនឹមដែកយួន

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ទឹក ភ្នែកហូរហៀរជាជលសា
ភ្នែក ងឹតអន្ធការមុនពេលខ្វាក់
មួយ សែនកោដិទុក្ខសោកអួលអាក់
ពាន់ គុកច្រវាក់អន្ទាក់យួន ។
ប្រាំ ទសវត្សរ៍ស្លាប់មុនមរណា
បួន មិថុនា ឆ្នាំ សែប្រាំបួន (០៤/០៦ /១៩៤៩ )
រយ ពាន់ករណីខ្មែរស្លាប់ខ្លួន
សែសិប ប្រាំបួនយួនប្លន់ដី ។
ប្រាំ សែនជីវិតស្លាប់មុនកើត
បួន លានកំណើតស្លាប់ក្នុងផ្ទៃ
តំណក់ ឈាមស្រោចជោកធរណី
ក្រោម ការប្រល័យនៃជាតិយួន ។
របប យួនផ្លាស់ច្រើនតំណ
នឹម សង្កត់ ក ខ្មែរស្លាប់ផ្ទួន
ដែក ស្ពាន់លត់ដំគ្រាំគ្រាខ្លួន
យួន គឺជាយួន ខ្មែរអើយចាំ ៕៚
 

ក្រោកឡើង ! ក្រោកឡើង !

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ក្រោកឡើង ! ក្រោកឡើង ! ក្រោកឡើង !ឲ្យឆាប់
កុំដេកចាំស្លាប់ប្រញាប់ក្រោកឡើង
សាមគ្គីស្ម័គ្រស្មោះសង្រ្គោះជាតិយើង
ឆ្លងផុតភ្នក់ភ្លើង «កំពប់តែអុង» ។
ក្រោកឡើង ! ក្រោកឡើង ! ក្រោកឲ្យស្រុះគ្នា
ស្មាប្រកៀកស្មាយាត្រាតម្រង់
ឆ្ពោះទិសតែមួយលើកស្ទួយជាតិយើង
ខ្មែរក្រោមថ្កុំថ្កើងជាតិមានសេរី ។
ខ្មែរអើយក្រោកឡើងកុំបីបង្អង់
នាំគ្នាស្រោចស្រង់ខ្មែរក្រោមប្រុសស្រី
ដែលលិចអន្លង់ជង់យួនស្រកី
ខ្មែររស់មានន័យលើដីដូនតា ។
សហព័ន្ធខ្មែរក្រោមប្រឈមតស៊ូ
អង្គការ អិនប៉ូ (UNPO) ខំជួយតវ៉ា
ប្តឹងអន្តរជាតិសម្រេចវាសនា
លើដីដូនតាខ្លួនដោយខ្លួនឯង ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥