Tuesday, September 22, 2026

ជំនោរ​សេរីភាព​

ដោយ ថាច់ ប្រីជា គឿន​

ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៤ នេះ ជា​ថ្ងៃ​បុណ្យជាតិ​កត់សម្គាល់​កំ​ណើ​តរបស់​សហរដ្ឋអាមេរិក កាលពី ២៣៨ ឆ្នាំ មុននេះ ដែល​សហរដ្ឋអាមេរិក​បាន​ប្រាស​ឯករាជ្យ​របស់​ប្រទេស​ខ្លួន​ពី​ប្រទេស​អង់គ្លេស ។ នៅក្នុង​ថ្ងៃនេះ រដ្ឋាភិបាល និង​ពលរដ្ឋ​អាមេរិកាំង បាន​អបអរ “​ទិវា​ឯករាជ្យ​របស់ខ្លួន​” ដោយមាន​ការបាញ់​កាំជ្រួច​អបអរសាទរ និង​ការ​អាំង​សាច់​នៅ​ទីធ្លា​ក្រោយ​ផ្ទះ គឺជា​ឱកាស​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង គិតពិចារណា​លើ​តម្លៃ​នៃ​ឯករាជ្យភាព និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល ។ តម្លៃ​នៃ​ឯករាជ្យភាព​របស់​សហ​រដ្ឋ​អាមេរិក មិន​ត្រឹមតែ​បានធ្វើ​ឲ្យ​ប្រទេស មួយ​នេះ​មាន​ភាព​រីកចម្រើន​រុងរឿង មាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ដ៏​កំពូល​ក្នុង​លោក តែ ប៉ុណ្ណោះ​ទេ វា​បានរួម​ចំណែក​ដល់​ការ​ជម្រុញ​ឲ្យ​មាន​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅ​ជុំវិញ​ពិភពលោក ផងដែរ ។ ក្រោយមក “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​សហរដ្ឋអាមេរិក បាន​បំផុសគំនិត​ឲ្យ​បង្កើតជា​សេចក្ដីប្រកាស ដ៏​ល្បី​ក្នុង​ដំណើរ​ស្វែងរក​សេរីភាព​របស់​មនុស្ស​ជាច្រើន ដូចជា របស់ Martin Luther King Jr. និង Abraham Lincoln ។ សេចក្ដីប្រកាស​នេះ ក៏បាន​ជះឥទ្ធិពល​ទៅលើ “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​ប្រទេស មួយចំនួន​ក្នុងពិភពលោក ក្នុងនោះ មាន​ប្រទេស​វៀតណាម និង ឆិ​ម​បា​វ៉េ (Zimbabwe) ជាដើម ។ សម្រាប់​ខ្មែរក្រោម នៅ ដែនដី​កម្ពុជា​ក្រោម​វិញ​មានឱកាស​បានទទួល​ភាព​លម្ហើយ​ដែល​កើតចេញពី​ជំនោរ​សេរីភាព​ទាំងនោះ​ដែរឬទេ ខណៈ ដែល “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​ប្រទេស​វៀតណាម​បាន​ចម្លង​តាម​គំនិត​របស់​សហរដ្ឋអាមេរិក​ដែរនោះ ។​

ថ្ងៃទី ៤ ខែកក្កដា កាលពី​ឆ្នាំ ១៧៧៦ បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក បាន​ផ្លាស់ប្តូរ​ប្រ​វ​តិ្ត​សាស្ត្រ ដោយ​បង្កើត​រដ្ឋ​ថ្មី ដែល​កើតចេញពី​ជំនឿ​ជឿជាក់​លើ​សេរីភាព និង​គោល​គំនិត «​មនុស្ស​ទាំងអស់​កើតមក​ស្មើភាព​គ្នា ធម្មជាតិ​បានផ្តល់​សិ​ទិ្ធ​ជា​មូលដ្ឋាន​ដល់​មនុស្ស​ដែល​មិនអាច​ប៉ះពាល់​បាន សិទ្ធិ​ទាំងនោះ ដូចជា សិ​ទិ្ធ​រស់រានមានជីវិត សេរី ភាព និង​សិ​ទិ្ធ​ស្វែងរក​សុភមង្គល​» ។ គោលការណ៍​ទាំងនេះ បាន​ដឹកនាំ​សហរដ្ឋអាមេរិក​ឲ្យ​ទទួលបាន​ឥស្សរភាព ពី​ប្រទេស​អង់គ្លេស ហើយ​ទ្រទ្រង់​សហរដ្ឋអាមេរិក​ឲ្យ​បាន​ក្លាយជា​ពន្លឺភ្លើង​នៃ​ក្តីសង្ឃឹម​សម្រាប់​ពលរដ្ឋ​អាមេរិកាំង ទាំងអស់​ឲ្យ​ទទួលបាន​ភាពថ្លៃថ្នូ​ក្នុង​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ រហូតមក​សព្វថ្ងៃ ។ ពន្លឺភ្លើង​នោះ បាន​នឹង កំពុង បន្ត​បញ្ចេញ​រស្មី​យ៉ាង​ភ្លឺ​ត្រចះត្រចង់​ទៅក្នុង​ប្រទេស​នានា​ទូទាំង​ពិភពលោក ។​

តម្លៃ​នៃ “​ឯករាជ្យ​” របស់​សហរដ្ឋអាមេរិក ដែល​ពលរដ្ឋ​អាមេរិកកាំង​ទទួលបាន​ថ្ងៃនេះ វា​កើតឡើង​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​មួយ​ត្រូវបាន​គេ​ចងចាំ​ថា មិនមែនជា​មាគ៌ា​រលូន និង ងាយស្រួល​ទេ ។ ប៉ុន្តែ ការរក្សា និង​ការពារ “​ឯករាជ្យ​” ដែល បានមក​ហើយ​នោះ រិត​តែ​ពិបាក​ជាងនេះទៅទៀត ។ ដូចដែល​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​បានបង្ហាញ​ឲ្យ​ឃើញស្រាប់​ហើយ ការធានា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដែល​កើតចេញពី “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​សហរដ្ឋអាមេរិក​នោះ មិនមែន​ជាការ​ស្រួល​ទេ វា​ទាមទារ​ឲ្យ​មានការ​ប្តេជ្ញាចិត្ត និង​ការខិតខំ​ច្រើន​ទាំងពី​សំណាក់​អ្នកដឹកនាំ ទាំងពី​សំណាក់​ប្រជាជន ។ គោលជំហរ​ទាំងនេះហើយ ទើប​អាចធ្វើ​ឲ្យ​សហរដ្ឋអាមេរិក បាន ក្លាយជា​អរិយ​ប្រទេស និង​បានបង្ហាញ​ដល់​ពិភពលោក​ថា វា​ពិតជា​អាចបង្កើត និង​រក្សា​ស្ថាប័ន​ប្រជាធិបតេយ្យ​រឹងមាំ លើកកម្ពស់​សេរីភាព និង​បាន​ផ្ដល់ឱកាស​សម្រាប់​ម​នុស្ស​គ្រប់គ្នា​ក្នុង​ពិភពលោក ។​

សម្រាប់​ប្រទេស​វៀតណាម​វិញ ហូ ជី មិញ បានប្រកាស “​សេចក្ដីប្រកាស​ឯករាជ្យ​” នៅ​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅ​ទីក្រុង​ហាណូយ ដើម្បី​ប្រកាស​ប្រកាស​ឯករាជ្យ​ចេញពី​អាណានិគម​បារាំង ហើយ​បង្កើត​ប្រទេស​ថ្មី​មួយ ។ “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​ប្រទេស​វៀតណាម ត្រូវបាន​គេ​មើលឃើញថា វា​បានទទួល​ឥទ្ធិពល ពី​សហរដ្ឋ អាមេរិក ។ អ្វីដែល​គេ​មើលឃើញ​នោះ គឺ​នៅក្នុង “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​វៀតណាម​បាន​ចែងថា «​មនុស្ស​ទាំងអស់​កើតមក​ស្មើភាព​គ្នា ធម្មជាតិ​បានផ្តល់​សិ​ទិ្ធ​ជា​មូលដ្ឋាន​ដល់​មនុស្ស​ដែល​មិនអាច​ប៉ះពាល់​បាន សិទ្ធិ​ទាំង នោះ ដូចជា សិ​ទិ្ធ​រស់រានមានជីវិត សេរីភាព និង សិ​ទិ្ធ​ស្វែងរក​សុភមង្គល ។ សម្ដី​អមតៈ នៅក្នុង “​សេចក្ដីប្រកាស ឯករាជ្យ​” របស់​សហរដ្ឋអាមេរិក កាលពី ឆ្នាំ ១៧៧៦ នោះ មានន័យ​ទូលំទូលាយ​ណាស់ ឃ្លា​នេះ​មានន័យថា ជនជាតិ​ទាំងអស់​ក្នុង​ពិភពលោក កើតមក​មាន​សិទ្ធិ​ស្មើគ្នា ជនជាតិ​ណា​ក៏មាន​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួល បាន​ភាពសប្បាយ​រីករាយ និង​សេរីភាព​» ។ ៣២ ឆ្នាំ​ក្រោយមក បន្ទាប់​វៀតណាម​ប្រកាស “​សេចក្ដីប្រកាស​ឯករាជ្យ​” នេះ នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានទទួល​ស្គាល់​ប្រទេស​វៀត ណា​ម​ជា​សមាជិក​ទី ១៤៩ របស់​អង្គការសហប្រជាជាតិ ។ កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញថា ជនជាតិ​យួន​បានក្លាយ ជា​ប្រជាជាតិ​មួយ​ដែលមាន​ប្រទេស មាន​ឯករាជ្យ និង​សេរីភាព ដូចជា​ជនជាតិ​នានា​ក្នុង​ពិភពលោក​ដែរ តែ​វា​មិន មែន​ជា​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុងតែ​រស់ នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ នោះទេ ។​

ប្រាកដ​ណាស់ ពលរដ្ឋ​ខ្មែរក្រោម​រាល់ថ្ងៃ ជា​មនុស្ស​មួយក្រុម​ដែល​អង្គការសហប្រជាជាតិ​ចាត់ទុកថា ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ហើយ​ត្រូវបាន​គាំពារ​ដោយ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ ជនជាតិដើម ថា “​ជនជាតិដើម​គ្រប់រូប​មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ។ ប៉ុន្តែ​អ្វីៗ​ទាំងអស់​វា​ផ្ទុយ​ពី នេះ ដោយមាន​សេចក្ដីរាយការណ៍​ជា​ហូរ​ហែម​កថា ខ្មែរក្រោម​រង​ការធ្វើ​ទុក​ម្នេញ​គ្រប់ពេល​ពី​សំណាក់​រដ្ឋាភិបាល​វៀត ណា​ម​ដែល​កើតចេញពី​គំនិត​ប្រកាន់ពូជសាសន៍ ហើយ​ឈានទៅ​អនុវត្ត​នូវ​គោលនយោបាយ​រំលាយ​ពូជសាសន៍ ខ្មែរក្រោម និង​លុបបំបាត់​ប្រវត្តិ​សា​ស្រ​នៃ​ដែនដី​កម្ពុជា​ក្រោម ទៀតផង ។ កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ រដ្ឋាភិបាល​វៀតណាម​ចាប់​ព្រះសង្ឃ​វត្ត​សេរី​តាសេក​ពីរ​អង្គ និង​អ្នកភូមិ ២ រូប ដាក់គុក​ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ពីបទ​ទាក់ទង​នឹង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅក្រៅ​ប្រទេស និង ពីបទ “​រត់​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” ។ ក្រៅពីនេះ បាន​ផ្តន្ទាទោស​អ្នកភូមិ​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ៥ រូប​ទៀត​ឲ្យ​ជាប់គុក​ពី ១០ ខែ​ទៅ ២ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ ទី​សាធ​រណៈ​” ដោយ​គ្រាន់តែ​អ្នក​ទាំងនេះ បាន​ទូងស្គរ​ក្នុង​វត្ត​ដើម្បី​ជំទាស់​នឹង​ការដែល​អាជ្ញាធរ​វៀតណាម​បាន​ចូល មក​វត្ត​ចាប់​ព្រះសង្ឃ តែប៉ុណ្ណោះ ។ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ពិធីបុណ្យ ចូលឆ្នាំ​របស់​ជនជាតិ​យួន រដ្ឋាភិបាល​បាន​វៀតណាម​បានអនុញ្ញាត​ឲ្យ​ជនជាតិ​យួន​ឈប់សម្រាក់​កន្លះ​ខែ​រៀងរាល់ឆ្នាំ ដែល​វា​ផ្ទុយ​ពី​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម វៀតណាម​មិនបាន​អនុញ្ញាត​ឲ្យ​ពួកគេ​ឈប់សម្រាក់​ដើម្បី បាន​អបអរ​ពិធី​បុណ្យជាតិ​របស់ខ្លួន​ឡើយ ។ ឈ្មោះ​ភូមិ​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម​ជា​ភាសា​ខ្មែរ ត្រូវបាន​រដ្ឋា ភិ​បាល​យួន​លុបបំបាត់​ដោយ​ប្ដូរ​ឈ្មោះ​ទៅជា​ភាសា​យួន​អស់​គ្មាន​សល់ ហើយ​អ្នក​ដែល​ហ៊ាន​និយាយ​ពី​ប្រវត្តិ កម្ពុជា​ក្រោម និង​និយាយ​ឈ្មោះ​ភូមិ​ស្ត្រ​ដែនដី​កម្ពុជា​ក្រោម​ជា​ភាសា​ខ្មែរ នឹងត្រូវ​រដ្ឋាភិបាល​ចាត់ទុកថា ជា​អ្នក​ប្រ ឆាំង ហើយ​ចាប់​ដាកគុក​ជាមិនខាន ។ នេះ​គ្រាន់តែ​លើកយក​ចំណុច​តូច​មួយ​មក​និយាយ​តែប៉ុណ្ណោះ ក៏​ល្មម​សរ បញ្ជាក់​ឲ្យ​ឃើញថា ជីវិត​ខ្មែរក្រោម​រស់នៅ​ក្រោម​នឹម​អាណានិគម​រដ្ឋាភិបាល​វៀ​ត​ណា​ម បច្ចុប្បន្ន គ្មាន​សិទ្ធិ​អ្វី​ទាំង អស់ ក្រៅពី​មានតែ​ដង្ហើមរស់​សម្រាប់​កំដរ​ផែនដី​តែប៉ុណ្ណោះ ។ តើ​អ្វី​ទៅ​ដែល “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​វៀត ណា​ម​ថា “​ជនជាតិ​ទាំងអស់​ក្នុង​ពិភពលោក​កើតមក​មាន​សិទ្ធិ​ស្មើគ្នា ជនជាតិ​ណា​ក៏មាន​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលបាន​ភាពសប្បាយ​រីករាយ និង​សេរីភាព​” នោះ ?

​ជំនោរ​សេរីភាព ដែល​កើតចេញពី “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​សហរដ្ឋអាមេរិក និង​របស់​ប្រទេស​វៀតណាម និង ជំនោរ​សេរីភាព​ដែល​កើតចេញពី “​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” នឹង បោកបក់​ទៅគ្រប់​ទីកន្លែង​ក្នុង​ពិភពលោក តែ​សម្រាប់​ខ្មែរក្រោម ដូចជា​មិន​ទទួលបាន​នូវ​លម្ហើយ​ដែល​កើតចេញពី ជំនោរ​សេរីភាព​ទាំងនោះ​សោះ ព្រោះ​មាន​ជញ្ជាំង​ដ៏​ក្រាស់​នៃ​របប​ទាំងពីរ គឺ របប​កុ​ម្មុនិ​ស្ត និង​របប​យួន​មក​បិទ បាំង ។ តែ​សម័យ​បច្ចេក​ព័ត៌មានវិទ្យា​នេះ ពន្លឺ​នៃ​សេរីភាព​នឹង​ចែងចាំង​ច្រាល​ចូលទៅក្នុង​សតិអារម្មណ៍​របស់​ខ្មែរ ក្រោម​គ្រប់រូប​ឲ្យ​ស្គាល់​ពី​តម្លៃ​នៃ​សិទ្ធិ​របស់ខ្លួន​ក្នុងនាម​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម​ជាក់​ជាមិនខាន ។ នៅ ទីបំផុត “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” វា​នឹងមាន​សម្រាប់​ខ្មែរក្រោម នៅពេលណា​ដែល​ខ្មែរក្រោម​គ្រប់រូប ចេះ​ឆក់យក​ឱកាស​ប្រើប្រាស់​នូវ​សិទ្ធិ​របស់ខ្លួន​តែប៉ុណ្ណោះ ៕

Thursday, May 28, 2020

ឃើញទីបេត៍នឹកកម្ពុជាក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ព្រះសង្ឃទីបេត៍ស្នេហាទឹកដី
ក្រោកឡើងគ្មានភ័យប្រឆាំងរដ្ឋចិន
ជាអាណានិគមសង្កត់សង្កិន
បំផ្លាញបង្ហិនជាតិនិងសាសនា ។
អាជ្ញាធរចិនមិនត្រាប្រណី
បាញ់យ៉ាងចាស់ដៃប្រល័យសង្ឃា
អ្នកទ្រទ្រង់សីលចិត្តដល់មេត្តា
លះបង់ហិង្សាព្រោះសន្តិភាពពិត ។
ខ្មែរក្រោម ទីបេត៍ សមាជិកអិនប៉ូ (UNPO)
ប្តេជ្ញាតស៊ូផ្តាច់ប្តូរយកសិទ្ធិ
សម្រេចវាសនាខ្លួនដោយខ្លួនឯងពិត
លើដីពិសិដ្ឋកេរពីដូនតា ។
ព្រះសង្ឃខ្មែរក្រោមប្រឈមតស៊ូ
ការពារអម្បូរពូជពង្សសាសនា
នៅកម្ពុជាក្រោមត្រូវយួនប្រហារ
អំពើផ្តាច់ការគង់ចាញ់យុត្តិធម៌ ៕៚

ផ្ទះចាបសម្បុកមនុស្ស

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

សត្វចាបមានផ្ទះរស់សុខសាន្ត
គ្មានអ្នករំខានទន្ទ្រានចាប់
នៅក្នុងប្រទេសមានសណ្ដាប់
មនុស្សគោរពច្បាប់សិទ្ធិនានា ។
បក្សីបក្សាដើរសេរី
គ្មានអ្នកបំភ័យគំរាមវា
មានសិទ្ធិត្របាញ់វេញគេហា
នៅជិតមនុស្សាដោយក្សេមក្សាន្ត ។
មនុស្សបាត់ប្រទេសស្លាប់មិនសុខ
គេតាមចាក់រុកទុក្ខរំខាន
ហោះហើរមិនរួចស្គមស្គាំងប្រាណ
ពួកព្រានតាមដានបាញ់រាល់ថ្ងៃ ។
សម្បុកតូចតាចដាចរហែក
កូនចៅយំយែកបែកទីទៃ
ចង់អភិវឌ្ឍខ្លួនឲ្យថ្លាថ្លៃ
តែគ្មានសេរីអ្វីសោះឡើយ ។
ព្រានចងព្រានចាប់រាប់លកលៃ
ដាក់ខ្នោះឃ្នាងដៃទុក្ខឥតស្បើយ
រស់បាត់ប្រទេសគ្មានល្ហែល្ហើយ
សម្បុកធ្វើហើយត្រូវព្រាត់ប្រាស ។
ចាបនៅក្នុងផ្ទះសោយសុខា
ព្រោះមានរដ្ឋាជាមោទនៈ
មនុស្សគ្មានសម្បុកទុក្ខខ្លាំងណាស់
ព្រោះត្រូវព្រាត់ផ្ទះបាត់ប្រទេស ៕៚

ខេត្តអយុធ្យា ប្រទេសថៃ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែជេស្ឋ
ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា គ. ស. ២០១១

ក្រមាម្ដាយខ្ញុំ

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ក្រមាម្ដាយមួយត្រួយជីវិត
ម្ដាយតែងជួតជិតនិត្យកេសា
ទោះធ្វើដំណើរទៅមកណា
ក្រមានេះណាត្រាជាប់ប្រាណ ។
ខួបប្រាំងវស្សាម្ដាយធ្វើស្រែ
ក្រមាតែងតែផ្ដល់សុខសាន្ត
បិទបាំងកំដៅយ៉ាងក្សេមក្សាន្ត
ឬម្ដាយវ័ណ្ឌប្រាណពេលរងា ។
អាណិតរូបម្ដាយកាយលំបាក
ញើសហូរសស្រាក់ហាក់គង្គា
ម្ដាយយកក្រមាដិតភក្រ្តា
ស្បើយក្នុងឱរាចិន្ដាល្ហែ ។
ថ្ងៃសីលម្ដងៗម្ដាយទៅវត្ត
គោរពត្រៃរ័ត្នឥតខានទេ
ថ្វាយភត្តព្រះសង្ឃជាហូរហែ
ក្រមាតែងតែជាប់លើស្មា ។
កាលកូននៅតូចក្រូចឆ្មារពិត
ម្ដាយស្នេហ៍ម្ដាយស្និទ្ធផ្ដិតឱរា
ម្ដាយយកក្រមាគ្របកាយា
ឲ្យកូននិន្ទ្រាត្រាស្កប់ស្កល់ ។
កូនកេងអង្រឹងលង់ទយា
មូសរបោមជាសត្វអំពល់
ក្រមាធ្វើផ្លិតផាត់បក់ផ្ដល់
ដោយហត្ថនិមលម្ដាយឧត្ដម ។
កូនហៀរសម្បោរឬទឹកមាត់
ទឹកក្អែទឹកមូត្រម្ដាយឥតតម
ក្រមាតែងដិតជូតថ្នមៗ
ម្ដាយបីម្ដាយបមលោមត្រកង ។
ពេលរំជួលអួលណែនព្រះទ័យ
ឬកើតរីងរៃភ័យម្ដងៗ
ទឹកភ្នែកជោរជោកភ័ក្ត្រផូរផង់
ក្រមាឆោមយង់លួងចិត្តម្ដាយ ។
មហាសង្វេគសំរែកទុក្ខ
ម្ដាយឆោមទៅមុខកាន់លោកនាយ
ក្រមាដណ្ដប់គ្របសពម្ដាយ
ក្រមានិត្យកាយលុះអវសាន ។
រូបកូនសែនស្រណោះស្រណោក
បន្សល់សំណោកពេញអាត្ម័ន
បាត់ក្រមាបាត់ម្ដាយគុណធ្ងន់
ឱ ! អ្នកមានគុណគឺម្ដាយខ្ញុំ ៕៚

កំណាព្យនេះ អាត្មាបាននិពន្ធកាលនៅ វត្តចម្ប៉ាបូរី (ត្រោកលិច)
និង បាន ទស្សនាវដ្ដីវប្បធម៌ត្រាវិញ  យកទៅចុះផ្សាយ នៅឆ្នាំ ២០០៥ ។

ចេញពីគុកកូនពេញក្រមុំ

សូមឧទ្ទិសកំណាព្យនេះជូនដល់យុទ្ធជនខ្មែរក្រោម 
ដែលបានបូជាជីវិតក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា និង 
អ្នកកំពុងមានជីវិតរស់នៅៗឡើយដែលសល់ពីការសម្លាប់ 
របស់រដ្ឋាភិបាលយួនក្នុងព្រឹត្តិការណ៍មួយនេះ ។

ម្ភៃឆ្នាំរងទុក្ខក្នុងគុកងឹត
ឈឺក្រៀមក្រំចិត្តគិតរឹតទ្វេ
យួនវាយដំខ្លួនមិនថ្វីទេ
ជាតិនៅក្រោមគេឈឺកន្លង ។
ក្រោយថ្ងៃដប់ប្រាំមួយវិច្ឆិកា
រងទុក្ខខ្លោចផ្សាលាប្អូនបង
ឃ្លាតប្រពន្ធកូនស្ងួនស្នេហ៍ស្នង
ម្ភៃឆ្នាំអនង្គនៅមេម៉ាយ ។
ក្នុងគុកងងឹតដូចភ្នែកខ្វាក់
ក្នុងចិត្តខ្ញុំជាក់ភ្លឺសុះសាយ
នឹកឃើញរឿងដើមគ្មានរសាយ
ពេលខ្លួនឃ្លាតឆ្ងាយអ្នករាល់គ្នា ។
នឹកឃើញទឹកភ្នែកភរិយាថ្លៃ
ខំប្រឹងបក់ដៃយំគ្រាំគ្រា
ដៃជាប់ចំណងគ្មានពាក្យលា
ម៉ែឪមីងមាជាសាច់ញាតិ ។
យួនចងស្លាបសេកបណ្ដើរខ្ញុំ
កាន់គុកលត់ដំតាមផ្លូវជាតិ
ឲ្យយួនមើលមុខចងអាឃាត
ដុំថ្មព្រោងព្រាតចោលមកខ្ញុំ ។
ទោះយួនដៀលខ្ញុំថាចោលម្សៀត
តែនេះរឿងជាតិជារឿងធំ
គ្មានរឿងផ្ទាល់ខ្លួនចងគំនុំ
នេះជារឿងធំរឿងពូជសាសន៍ ។
ដល់ថ្ងៃកំណត់ចេញពីគុក
ម្ដាយនិងឪពុកវ័យជ្រេចាស់
កូនពេញក្រមុំមិនស្គាល់ច្បាស់
ម្ភៃឆ្នាំឃ្លាតផ្ទះទុក្ខប្រពន្ធ ៕៚

បាងកក, ប្រទេសថៃ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១១

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

គុក

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

គុកសម្រាប់ឃុំឧក្រិដ្ឋជន
ប្រព្រឹត្តទោសធ្ងន់បង្ហិនគេ
ចោរប្លន់សម្បត្តិមានម្ចាស់ថែ
យកធ្វើជាកេរខ្លួនឥតខ្មាស់ ។
គុកសម្រាប់ឃាំងឃាតក
គ្មានមនុស្សធម៌សាងបាបក្រាស់
សម្លាប់គេឯងដោយមោហៈ
គួរច្បាប់រូតរះដាក់ពិន័យ ។
គុកសម្រាប់លត់ដំមនុស្ស
ដែលបានធ្វើខុសឥតសង្ស័យ
ឲ្យកែប្រែខ្លួនមានតម្លៃ
សាងជីវិតថ្មីក្នុងសង្គម ។
គុកសម្រាប់ឃាំងជនកំហូច
ដែលបានប្លន់លួចកេងបន្លំ
ទ្រព្យសម្បត្តិជាតិខុសក្រឹត្យក្រម
សាងខ្លួនស្តុកស្តម្ភជាន់ក្បាលរាស្ត្រ ។
គុកសម្រាប់ឃុំពួកអ្នកមាន
រំលោភបំពានហ៊ានជម្លៀស
ប្រជាស្លូតត្រង់ឲ្យនិរាស
យកដីគេហៈឥតខ្មាសអៀន ។
របបកុម្មុយនិស្តយួនច្បាប់ព្រៃ
សាងគុកដើម្បីឃាំងអ្នកហ៊ាន
រិះគន់បទរំលោភបំពាន
ឬអ្នកដែលហ៊ាននិយាយពិត ។
សាងគុកឃុំតែអ្នកស្លូតត្រង់
ខ្មែរក្រោមព្រះសង្ឃល្អបរិសុទ្ធិ
ម្តេចឡើយមិនឃុំជនឧក្រិដ្ឋ
នេះហើយគុកងឹតគុកច្បាប់ព្រៃ ៕៚
 
បាងកក, ប្រទេសថៃ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១១

កុំភ្លេច ! កុំភ្លេច !

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ដប់ប្រាំបីធ្នូជំនោរខ្យល់ផាត់
តារារសាត់អបចន្ទមណ្ឌល
ឱ ! តារាអើយអ្នកគ្មានកង្វល់
មានចន្ទនិមលឃុំគ្រងរក្សា  ។
រាត្រីសែនស្ងាត់វិបត្តិម្នាក់ឯង
មិនដឹងនឹងថ្លែងប្រាប់ដល់អ្នកណា
ថាខ្មែរក្រោមទុក្ខទំនុកខ្លោចផ្សា
ខំរែកទុក្ខាព្រោះបាត់សេរី ។
ដប់ប្រាំបីធ្នូឆ្នាំប៉ែតប្រាំមួយ (๑)
ខ្មែរក្រោមទុក្ខព្រួយព្រោះបាត់ស្មារតី
ព្រះ គឹម តុក ចើង ត្រូវខ្មាំងប្រល័យ
គឺយួនស្រកីខ្មែរក្រោមត្រូវចាំ ។
ប្រវត្តិក្អួតឈាមដាមជាប់ដួងចិត្ត
ខ្មែរក្រោមត្រូវគិតត្រូវកត់ចំណាំ
ត្បកហើយអង្អែលខ្មែរភ្លេចរឿងដើម
អ្នកខ្លះញញឹមថា «យួនជាមិត្ត» ៕៚
ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

(๑) ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៦ ព្រះតេជព្រះគុណ គឹម តុក ចើង ជាមេគណ ខេត្តព្រះត្រពាំង ត្រូវរដ្ឋាភិ បាលបក្សកុម្មុយនិស្តយួន សម្លាប់ក្នុងគុក ហើយ សងលុយចំនួន ២ លានដុងទៅគ្រួសារព្រះសពព្រះ អង្គ ដើម្បីលុបលាង កំហុស ។ 

ជំងឺខ្មែរក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ខ្ញុំមានជំងឺឈឺសុសសព្វកាយ
ជំងឺផ្ដាសាយព្រោះមេឃមិនទៀង
ស្ទើរក្តៅត្រជាក់ស្ទើររាំងស្ទើរភ្លៀង
ឈឺសព្វសារពាង្គព្រោះធាតុអាកាស ។
ជំងឺឈឺចិត្តដ្បិតដីបានគេ
ឈឺឃើញជាតិខ្មែររស់ក្នុងសម្រាស់
ដែនកម្ពុជាក្រោមគឺកេរខ្មែរច្បាស់
ឥឡូវព្រាត់ប្រាសនិរាសទៅឆ្ងាយ ។
ជំងឺចម្ងល់ខ្វល់នឹងខ្មែរក្រោម
រងទុក្ខទ្រុឌទ្រោមលោមកម្មអប្រិយ
ដើរលើភ្នក់ភ្លើងលេបគ្រួសជួសបាយ
លោហិតហូរខ្ចាយក្លាយជាគង្គា ។
ជំងឺធ្ងន់ម្លឹងខ្មែរនឹងគិតម្តេច
យួនប្រើកលល្បិចគ្រប់ពេលវេលា
យើងត្រូវផ្សំថ្នាំឲ្យចំរោគា
ខ្មែរក្រោមបានជាលារោគរីងរៃ ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

រស់ព្រោះហ៊ានស្លាប់

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ជាតិ យើងរងទុក្ខគ្រប់យុគសម័យ
ដង្ហោយ រីងរៃស្ទើរក្ស័យសង្ខារ
ស្រែក ឲ្យបងជួយដោះស្រាយបញ្ហា
រក សិទ្ធិម្ចាស់ការសិទ្ធិជនជាតិដើម  ។
បង នៅក្រៅស្រុកប្រឹងគ្រប់នាទី
ឲ្យ ជាតិដែនដីយើងមានដង្ហើម
ដោះ ស្រាយបញ្ហាដែលមានពីដើម
ចំណង ជ្រួលជ្រើមយួនធ្វើបាបខ្មែរ ។
ពី អតីតកាលដល់បច្ចុប្បន្ន
នឹម យួនជិះជាន់គ្មានល្ហើយល្ហែ
ដែក គាបក្នុងគុកទុក្ខព្រាត់ពុកម៉ែ
យួន សងដីកេរព្រោះ «ខ្មែរហ៊ានស្លាប់» ៕៚

ទីក្រុងបាងកក, ប្រទេសថៃ ថ្ងៃទី ២៨ ខែតុលា
គ. ស. ២០១០ ព. ស. ២៥៥៤

គំលានសេរីភាព

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

កើតជាខ្មែរក្រោមដូចខែរនោច
ជីវិតអសោចិ៍លើដីដូនតា
រស់មែនតែគ្មានសិទ្ធិជាមនុស្សា
ត្រូវយួនប្រហារគំរាមរាល់ថ្ងៃ  ។
អន្ទង់ខ្លាចភក់កុកបែរខ្លាចបឹង
ខ្មែរក្រោមខំប្រឹងរស់ទាំងរីងរៃ
ខ្មែរក្រោមមានវត្តសង្ឃមានស្បង់ស្បៃ
ព្រោះមានអ្នកក្ស័យប្រល័យជន្មា ។
សាលាខ្មែរក្រោមមានតែក្នុងវត្ត
សង្ឃពឹងបាយបាត្រអំណត់សិក្សា
ដើម្បីបំបាត់គ្រោះអវិជ្ជា
គេរិះគន់ថារៀនចប់ធ្វើស្រែ ។
អាណិតអាណោចស្ត្រីទាំងឡាយ
មិនចេះអានឡើយតួអក្សរខ្មែរ
រស់ក្នុងភក់ល្បាប់រងទុក្ខឥតល្ហែ
តើថ្ងៃណាខ្មែរក្រោមមានសេរី ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

កម្មម្តាយក្នុងគុកទុក្ខកូនក្នុងផ្ទៃ

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ទំនុកទំនួញទួញញ័រប្រមាត់
គួរអាណោចអាណិតជីវិតស្រ្តី
រស់ក្រោមអំណាចខ្មាំងប្លន់បុរី
ជាប់គុកទុក្ខពរផ្ទៃប្រាំបីខែ  ។
នាងនួនខ្លួនជួនជាជនជាតិដើម
រស់ដោយថប់ដង្ហើមក្រោមនឹមគេ
រែកទារុណកម្មរងទុក្ខឥតល្ហែ
ខ្លួនក្លាយជាខ្ញុំគេកេរ្តិ៍អាស្រូវ ។
ប្តីត្រូវគេសម្លាប់ចាប់វះពោះ
ខ្លួនស្ត្រីមានផ្ទៃពោះរស់សោកសៅ
ក្នុងរណ្តៅគុកងឹតឥតពង្សផៅ
បានត្រឹមខ្សឹបប្រាប់ទៅកូនក្នុងផ្ទៃ ។
ឈ្មោះមេម៉ាយកាយពរផ្ទៃក្នុងគុក
នេះរឿងរ៉ាវទុក្ខសំណោកស្រ្តី
ជនជាតិដើមខ្មែរក្រោមនៅហេដ្ឋបូរី
និរាសព្រាត់ប្រាសប្តីរីងរៃចិត្ត ។
មួយខែដប់ថ្ងៃ (๑) ក្នុងផ្ទៃពោះម្តាយ
ត្រូវរស់គ្មានន័យស្មើក្ស័យជន្មពិត
រស់គ្មានជីវជាតិបំប៉នជីវិត
កាយកូនក្រៀមក្រំស្វិតរឹតរីងរៃ ។
ពេលកើតមកពន្លកខនខានយល់
រស្មីចន្ទនិមលនិងសុរិយ
មិនទាន់ស្គាល់ធម្មជាតិក្នុងលោកីយ៍
កម្មលិខិតអប្រិយប្រល័យពៅ ។
ប្តីស្លាប់ទៅនៅសល់សំណោក
បុត្រភ្ងាស្រស់ពន្លកក្សិណក្ស័យទៅ
ទុក្ខម្តាយប្រពន្ធរស់ក្នុងសំណៅ
ជីវិតទុក្ខសោកសៅ «រស់ដូចស្លាប់» ៕៚

(๑) ពេលយួនចាប់ដាក់គុក ស្រ្តីខ្មែរក្រោមរូបនេះ ពរផ្ទៃបាន ៨ ខែ ។
នៅក្នុងគុកបាន ១ និង ១០ ថ្ងៃក៏សម្រាលកូន ។

ទំនួញស្ត្រីខ្មែរក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ស្ទឹងទឹកនេត្រាហៀរជោកប្រថពី
ក្លាយជាវារីស្រោចលើដីខ្មែរ
ទំនុកទំនួញទួញសោកគ្មានល្ហែ
អាសូរស្រ្តីខ្មែរនៅកម្ពុជាក្រោម ។
ជង្រុកទុក្ខធំដូចភ្នំសុមេរុ៍
សម្រែកស្រ្តីខ្មែរស្ទើរតែទ្រុឌភ្នំ
មេឃបាក់ដីបែកដើម្បីសំណូម
ពិភពលោកចោមរោមកាត់វាសនា ។
មានតែភក់ល្បាប់ជាប់ជាយជីវិត
កែវភ្នែកមានពិតងងឹតអន្ធការ
ថ្លុកជើងក្នុងស្រែប្រែជាជលសា
មិនចេះអក្ខរាដូនតាខ្មែរឡើយ ។
សូរទឹកភ្នែកធ្លាក់ហាក់ស្នូរទឹកជ្រោះ
ដាស់ខ្មែរស្រីប្រុសកុំបីកន្តើយ
រំដោះខ្មែរក្រោមចេញពីយួនឈ្លើយ
ជាតិឯករាជហើយស្រីបានរុងរឿង ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

ទឹកភ្នែក ១៩៤៩ តំណក់ ក្រោមរបបនឹមដែកយួន

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ទឹក ភ្នែកហូរហៀរជាជលសា
ភ្នែក ងឹតអន្ធការមុនពេលខ្វាក់
មួយ សែនកោដិទុក្ខសោកអួលអាក់
ពាន់ គុកច្រវាក់អន្ទាក់យួន ។
ប្រាំ ទសវត្សរ៍ស្លាប់មុនមរណា
បួន មិថុនា ឆ្នាំ សែប្រាំបួន (០៤/០៦ /១៩៤៩ )
រយ ពាន់ករណីខ្មែរស្លាប់ខ្លួន
សែសិប ប្រាំបួនយួនប្លន់ដី ។
ប្រាំ សែនជីវិតស្លាប់មុនកើត
បួន លានកំណើតស្លាប់ក្នុងផ្ទៃ
តំណក់ ឈាមស្រោចជោកធរណី
ក្រោម ការប្រល័យនៃជាតិយួន ។
របប យួនផ្លាស់ច្រើនតំណ
នឹម សង្កត់ ក ខ្មែរស្លាប់ផ្ទួន
ដែក ស្ពាន់លត់ដំគ្រាំគ្រាខ្លួន
យួន គឺជាយួន ខ្មែរអើយចាំ ៕៚