Thursday, May 28, 2020

ឃើញទីបេត៍នឹកកម្ពុជាក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ព្រះសង្ឃទីបេត៍ស្នេហាទឹកដី
ក្រោកឡើងគ្មានភ័យប្រឆាំងរដ្ឋចិន
ជាអាណានិគមសង្កត់សង្កិន
បំផ្លាញបង្ហិនជាតិនិងសាសនា ។
អាជ្ញាធរចិនមិនត្រាប្រណី
បាញ់យ៉ាងចាស់ដៃប្រល័យសង្ឃា
អ្នកទ្រទ្រង់សីលចិត្តដល់មេត្តា
លះបង់ហិង្សាព្រោះសន្តិភាពពិត ។
ខ្មែរក្រោម ទីបេត៍ សមាជិកអិនប៉ូ (UNPO)
ប្តេជ្ញាតស៊ូផ្តាច់ប្តូរយកសិទ្ធិ
សម្រេចវាសនាខ្លួនដោយខ្លួនឯងពិត
លើដីពិសិដ្ឋកេរពីដូនតា ។
ព្រះសង្ឃខ្មែរក្រោមប្រឈមតស៊ូ
ការពារអម្បូរពូជពង្សសាសនា
នៅកម្ពុជាក្រោមត្រូវយួនប្រហារ
អំពើផ្តាច់ការគង់ចាញ់យុត្តិធម៌ ៕៚

ផ្ទះចាបសម្បុកមនុស្ស

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

សត្វចាបមានផ្ទះរស់សុខសាន្ត
គ្មានអ្នករំខានទន្ទ្រានចាប់
នៅក្នុងប្រទេសមានសណ្ដាប់
មនុស្សគោរពច្បាប់សិទ្ធិនានា ។
បក្សីបក្សាដើរសេរី
គ្មានអ្នកបំភ័យគំរាមវា
មានសិទ្ធិត្របាញ់វេញគេហា
នៅជិតមនុស្សាដោយក្សេមក្សាន្ត ។
មនុស្សបាត់ប្រទេសស្លាប់មិនសុខ
គេតាមចាក់រុកទុក្ខរំខាន
ហោះហើរមិនរួចស្គមស្គាំងប្រាណ
ពួកព្រានតាមដានបាញ់រាល់ថ្ងៃ ។
សម្បុកតូចតាចដាចរហែក
កូនចៅយំយែកបែកទីទៃ
ចង់អភិវឌ្ឍខ្លួនឲ្យថ្លាថ្លៃ
តែគ្មានសេរីអ្វីសោះឡើយ ។
ព្រានចងព្រានចាប់រាប់លកលៃ
ដាក់ខ្នោះឃ្នាងដៃទុក្ខឥតស្បើយ
រស់បាត់ប្រទេសគ្មានល្ហែល្ហើយ
សម្បុកធ្វើហើយត្រូវព្រាត់ប្រាស ។
ចាបនៅក្នុងផ្ទះសោយសុខា
ព្រោះមានរដ្ឋាជាមោទនៈ
មនុស្សគ្មានសម្បុកទុក្ខខ្លាំងណាស់
ព្រោះត្រូវព្រាត់ផ្ទះបាត់ប្រទេស ៕៚

ខេត្តអយុធ្យា ប្រទេសថៃ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែជេស្ឋ
ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា គ. ស. ២០១១

ក្រមាម្ដាយខ្ញុំ

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ក្រមាម្ដាយមួយត្រួយជីវិត
ម្ដាយតែងជួតជិតនិត្យកេសា
ទោះធ្វើដំណើរទៅមកណា
ក្រមានេះណាត្រាជាប់ប្រាណ ។
ខួបប្រាំងវស្សាម្ដាយធ្វើស្រែ
ក្រមាតែងតែផ្ដល់សុខសាន្ត
បិទបាំងកំដៅយ៉ាងក្សេមក្សាន្ត
ឬម្ដាយវ័ណ្ឌប្រាណពេលរងា ។
អាណិតរូបម្ដាយកាយលំបាក
ញើសហូរសស្រាក់ហាក់គង្គា
ម្ដាយយកក្រមាដិតភក្រ្តា
ស្បើយក្នុងឱរាចិន្ដាល្ហែ ។
ថ្ងៃសីលម្ដងៗម្ដាយទៅវត្ត
គោរពត្រៃរ័ត្នឥតខានទេ
ថ្វាយភត្តព្រះសង្ឃជាហូរហែ
ក្រមាតែងតែជាប់លើស្មា ។
កាលកូននៅតូចក្រូចឆ្មារពិត
ម្ដាយស្នេហ៍ម្ដាយស្និទ្ធផ្ដិតឱរា
ម្ដាយយកក្រមាគ្របកាយា
ឲ្យកូននិន្ទ្រាត្រាស្កប់ស្កល់ ។
កូនកេងអង្រឹងលង់ទយា
មូសរបោមជាសត្វអំពល់
ក្រមាធ្វើផ្លិតផាត់បក់ផ្ដល់
ដោយហត្ថនិមលម្ដាយឧត្ដម ។
កូនហៀរសម្បោរឬទឹកមាត់
ទឹកក្អែទឹកមូត្រម្ដាយឥតតម
ក្រមាតែងដិតជូតថ្នមៗ
ម្ដាយបីម្ដាយបមលោមត្រកង ។
ពេលរំជួលអួលណែនព្រះទ័យ
ឬកើតរីងរៃភ័យម្ដងៗ
ទឹកភ្នែកជោរជោកភ័ក្ត្រផូរផង់
ក្រមាឆោមយង់លួងចិត្តម្ដាយ ។
មហាសង្វេគសំរែកទុក្ខ
ម្ដាយឆោមទៅមុខកាន់លោកនាយ
ក្រមាដណ្ដប់គ្របសពម្ដាយ
ក្រមានិត្យកាយលុះអវសាន ។
រូបកូនសែនស្រណោះស្រណោក
បន្សល់សំណោកពេញអាត្ម័ន
បាត់ក្រមាបាត់ម្ដាយគុណធ្ងន់
ឱ ! អ្នកមានគុណគឺម្ដាយខ្ញុំ ៕៚

កំណាព្យនេះ អាត្មាបាននិពន្ធកាលនៅ វត្តចម្ប៉ាបូរី (ត្រោកលិច)
និង បាន ទស្សនាវដ្ដីវប្បធម៌ត្រាវិញ  យកទៅចុះផ្សាយ នៅឆ្នាំ ២០០៥ ។

ចេញពីគុកកូនពេញក្រមុំ

សូមឧទ្ទិសកំណាព្យនេះជូនដល់យុទ្ធជនខ្មែរក្រោម 
ដែលបានបូជាជីវិតក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា និង 
អ្នកកំពុងមានជីវិតរស់នៅៗឡើយដែលសល់ពីការសម្លាប់ 
របស់រដ្ឋាភិបាលយួនក្នុងព្រឹត្តិការណ៍មួយនេះ ។

ម្ភៃឆ្នាំរងទុក្ខក្នុងគុកងឹត
ឈឺក្រៀមក្រំចិត្តគិតរឹតទ្វេ
យួនវាយដំខ្លួនមិនថ្វីទេ
ជាតិនៅក្រោមគេឈឺកន្លង ។
ក្រោយថ្ងៃដប់ប្រាំមួយវិច្ឆិកា
រងទុក្ខខ្លោចផ្សាលាប្អូនបង
ឃ្លាតប្រពន្ធកូនស្ងួនស្នេហ៍ស្នង
ម្ភៃឆ្នាំអនង្គនៅមេម៉ាយ ។
ក្នុងគុកងងឹតដូចភ្នែកខ្វាក់
ក្នុងចិត្តខ្ញុំជាក់ភ្លឺសុះសាយ
នឹកឃើញរឿងដើមគ្មានរសាយ
ពេលខ្លួនឃ្លាតឆ្ងាយអ្នករាល់គ្នា ។
នឹកឃើញទឹកភ្នែកភរិយាថ្លៃ
ខំប្រឹងបក់ដៃយំគ្រាំគ្រា
ដៃជាប់ចំណងគ្មានពាក្យលា
ម៉ែឪមីងមាជាសាច់ញាតិ ។
យួនចងស្លាបសេកបណ្ដើរខ្ញុំ
កាន់គុកលត់ដំតាមផ្លូវជាតិ
ឲ្យយួនមើលមុខចងអាឃាត
ដុំថ្មព្រោងព្រាតចោលមកខ្ញុំ ។
ទោះយួនដៀលខ្ញុំថាចោលម្សៀត
តែនេះរឿងជាតិជារឿងធំ
គ្មានរឿងផ្ទាល់ខ្លួនចងគំនុំ
នេះជារឿងធំរឿងពូជសាសន៍ ។
ដល់ថ្ងៃកំណត់ចេញពីគុក
ម្ដាយនិងឪពុកវ័យជ្រេចាស់
កូនពេញក្រមុំមិនស្គាល់ច្បាស់
ម្ភៃឆ្នាំឃ្លាតផ្ទះទុក្ខប្រពន្ធ ៕៚

បាងកក, ប្រទេសថៃ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១១

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

គុក

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

គុកសម្រាប់ឃុំឧក្រិដ្ឋជន
ប្រព្រឹត្តទោសធ្ងន់បង្ហិនគេ
ចោរប្លន់សម្បត្តិមានម្ចាស់ថែ
យកធ្វើជាកេរខ្លួនឥតខ្មាស់ ។
គុកសម្រាប់ឃាំងឃាតក
គ្មានមនុស្សធម៌សាងបាបក្រាស់
សម្លាប់គេឯងដោយមោហៈ
គួរច្បាប់រូតរះដាក់ពិន័យ ។
គុកសម្រាប់លត់ដំមនុស្ស
ដែលបានធ្វើខុសឥតសង្ស័យ
ឲ្យកែប្រែខ្លួនមានតម្លៃ
សាងជីវិតថ្មីក្នុងសង្គម ។
គុកសម្រាប់ឃាំងជនកំហូច
ដែលបានប្លន់លួចកេងបន្លំ
ទ្រព្យសម្បត្តិជាតិខុសក្រឹត្យក្រម
សាងខ្លួនស្តុកស្តម្ភជាន់ក្បាលរាស្ត្រ ។
គុកសម្រាប់ឃុំពួកអ្នកមាន
រំលោភបំពានហ៊ានជម្លៀស
ប្រជាស្លូតត្រង់ឲ្យនិរាស
យកដីគេហៈឥតខ្មាសអៀន ។
របបកុម្មុយនិស្តយួនច្បាប់ព្រៃ
សាងគុកដើម្បីឃាំងអ្នកហ៊ាន
រិះគន់បទរំលោភបំពាន
ឬអ្នកដែលហ៊ាននិយាយពិត ។
សាងគុកឃុំតែអ្នកស្លូតត្រង់
ខ្មែរក្រោមព្រះសង្ឃល្អបរិសុទ្ធិ
ម្តេចឡើយមិនឃុំជនឧក្រិដ្ឋ
នេះហើយគុកងឹតគុកច្បាប់ព្រៃ ៕៚
 
បាងកក, ប្រទេសថៃ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១១

កុំភ្លេច ! កុំភ្លេច !

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ដប់ប្រាំបីធ្នូជំនោរខ្យល់ផាត់
តារារសាត់អបចន្ទមណ្ឌល
ឱ ! តារាអើយអ្នកគ្មានកង្វល់
មានចន្ទនិមលឃុំគ្រងរក្សា  ។
រាត្រីសែនស្ងាត់វិបត្តិម្នាក់ឯង
មិនដឹងនឹងថ្លែងប្រាប់ដល់អ្នកណា
ថាខ្មែរក្រោមទុក្ខទំនុកខ្លោចផ្សា
ខំរែកទុក្ខាព្រោះបាត់សេរី ។
ដប់ប្រាំបីធ្នូឆ្នាំប៉ែតប្រាំមួយ (๑)
ខ្មែរក្រោមទុក្ខព្រួយព្រោះបាត់ស្មារតី
ព្រះ គឹម តុក ចើង ត្រូវខ្មាំងប្រល័យ
គឺយួនស្រកីខ្មែរក្រោមត្រូវចាំ ។
ប្រវត្តិក្អួតឈាមដាមជាប់ដួងចិត្ត
ខ្មែរក្រោមត្រូវគិតត្រូវកត់ចំណាំ
ត្បកហើយអង្អែលខ្មែរភ្លេចរឿងដើម
អ្នកខ្លះញញឹមថា «យួនជាមិត្ត» ៕៚
ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

(๑) ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៦ ព្រះតេជព្រះគុណ គឹម តុក ចើង ជាមេគណ ខេត្តព្រះត្រពាំង ត្រូវរដ្ឋាភិ បាលបក្សកុម្មុយនិស្តយួន សម្លាប់ក្នុងគុក ហើយ សងលុយចំនួន ២ លានដុងទៅគ្រួសារព្រះសពព្រះ អង្គ ដើម្បីលុបលាង កំហុស ។ 

ជំងឺខ្មែរក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ខ្ញុំមានជំងឺឈឺសុសសព្វកាយ
ជំងឺផ្ដាសាយព្រោះមេឃមិនទៀង
ស្ទើរក្តៅត្រជាក់ស្ទើររាំងស្ទើរភ្លៀង
ឈឺសព្វសារពាង្គព្រោះធាតុអាកាស ។
ជំងឺឈឺចិត្តដ្បិតដីបានគេ
ឈឺឃើញជាតិខ្មែររស់ក្នុងសម្រាស់
ដែនកម្ពុជាក្រោមគឺកេរខ្មែរច្បាស់
ឥឡូវព្រាត់ប្រាសនិរាសទៅឆ្ងាយ ។
ជំងឺចម្ងល់ខ្វល់នឹងខ្មែរក្រោម
រងទុក្ខទ្រុឌទ្រោមលោមកម្មអប្រិយ
ដើរលើភ្នក់ភ្លើងលេបគ្រួសជួសបាយ
លោហិតហូរខ្ចាយក្លាយជាគង្គា ។
ជំងឺធ្ងន់ម្លឹងខ្មែរនឹងគិតម្តេច
យួនប្រើកលល្បិចគ្រប់ពេលវេលា
យើងត្រូវផ្សំថ្នាំឲ្យចំរោគា
ខ្មែរក្រោមបានជាលារោគរីងរៃ ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

រស់ព្រោះហ៊ានស្លាប់

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ជាតិ យើងរងទុក្ខគ្រប់យុគសម័យ
ដង្ហោយ រីងរៃស្ទើរក្ស័យសង្ខារ
ស្រែក ឲ្យបងជួយដោះស្រាយបញ្ហា
រក សិទ្ធិម្ចាស់ការសិទ្ធិជនជាតិដើម  ។
បង នៅក្រៅស្រុកប្រឹងគ្រប់នាទី
ឲ្យ ជាតិដែនដីយើងមានដង្ហើម
ដោះ ស្រាយបញ្ហាដែលមានពីដើម
ចំណង ជ្រួលជ្រើមយួនធ្វើបាបខ្មែរ ។
ពី អតីតកាលដល់បច្ចុប្បន្ន
នឹម យួនជិះជាន់គ្មានល្ហើយល្ហែ
ដែក គាបក្នុងគុកទុក្ខព្រាត់ពុកម៉ែ
យួន សងដីកេរព្រោះ «ខ្មែរហ៊ានស្លាប់» ៕៚

ទីក្រុងបាងកក, ប្រទេសថៃ ថ្ងៃទី ២៨ ខែតុលា
គ. ស. ២០១០ ព. ស. ២៥៥៤

គំលានសេរីភាព

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

កើតជាខ្មែរក្រោមដូចខែរនោច
ជីវិតអសោចិ៍លើដីដូនតា
រស់មែនតែគ្មានសិទ្ធិជាមនុស្សា
ត្រូវយួនប្រហារគំរាមរាល់ថ្ងៃ  ។
អន្ទង់ខ្លាចភក់កុកបែរខ្លាចបឹង
ខ្មែរក្រោមខំប្រឹងរស់ទាំងរីងរៃ
ខ្មែរក្រោមមានវត្តសង្ឃមានស្បង់ស្បៃ
ព្រោះមានអ្នកក្ស័យប្រល័យជន្មា ។
សាលាខ្មែរក្រោមមានតែក្នុងវត្ត
សង្ឃពឹងបាយបាត្រអំណត់សិក្សា
ដើម្បីបំបាត់គ្រោះអវិជ្ជា
គេរិះគន់ថារៀនចប់ធ្វើស្រែ ។
អាណិតអាណោចស្ត្រីទាំងឡាយ
មិនចេះអានឡើយតួអក្សរខ្មែរ
រស់ក្នុងភក់ល្បាប់រងទុក្ខឥតល្ហែ
តើថ្ងៃណាខ្មែរក្រោមមានសេរី ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

កម្មម្តាយក្នុងគុកទុក្ខកូនក្នុងផ្ទៃ

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ទំនុកទំនួញទួញញ័រប្រមាត់
គួរអាណោចអាណិតជីវិតស្រ្តី
រស់ក្រោមអំណាចខ្មាំងប្លន់បុរី
ជាប់គុកទុក្ខពរផ្ទៃប្រាំបីខែ  ។
នាងនួនខ្លួនជួនជាជនជាតិដើម
រស់ដោយថប់ដង្ហើមក្រោមនឹមគេ
រែកទារុណកម្មរងទុក្ខឥតល្ហែ
ខ្លួនក្លាយជាខ្ញុំគេកេរ្តិ៍អាស្រូវ ។
ប្តីត្រូវគេសម្លាប់ចាប់វះពោះ
ខ្លួនស្ត្រីមានផ្ទៃពោះរស់សោកសៅ
ក្នុងរណ្តៅគុកងឹតឥតពង្សផៅ
បានត្រឹមខ្សឹបប្រាប់ទៅកូនក្នុងផ្ទៃ ។
ឈ្មោះមេម៉ាយកាយពរផ្ទៃក្នុងគុក
នេះរឿងរ៉ាវទុក្ខសំណោកស្រ្តី
ជនជាតិដើមខ្មែរក្រោមនៅហេដ្ឋបូរី
និរាសព្រាត់ប្រាសប្តីរីងរៃចិត្ត ។
មួយខែដប់ថ្ងៃ (๑) ក្នុងផ្ទៃពោះម្តាយ
ត្រូវរស់គ្មានន័យស្មើក្ស័យជន្មពិត
រស់គ្មានជីវជាតិបំប៉នជីវិត
កាយកូនក្រៀមក្រំស្វិតរឹតរីងរៃ ។
ពេលកើតមកពន្លកខនខានយល់
រស្មីចន្ទនិមលនិងសុរិយ
មិនទាន់ស្គាល់ធម្មជាតិក្នុងលោកីយ៍
កម្មលិខិតអប្រិយប្រល័យពៅ ។
ប្តីស្លាប់ទៅនៅសល់សំណោក
បុត្រភ្ងាស្រស់ពន្លកក្សិណក្ស័យទៅ
ទុក្ខម្តាយប្រពន្ធរស់ក្នុងសំណៅ
ជីវិតទុក្ខសោកសៅ «រស់ដូចស្លាប់» ៕៚

(๑) ពេលយួនចាប់ដាក់គុក ស្រ្តីខ្មែរក្រោមរូបនេះ ពរផ្ទៃបាន ៨ ខែ ។
នៅក្នុងគុកបាន ១ និង ១០ ថ្ងៃក៏សម្រាលកូន ។

ទំនួញស្ត្រីខ្មែរក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ស្ទឹងទឹកនេត្រាហៀរជោកប្រថពី
ក្លាយជាវារីស្រោចលើដីខ្មែរ
ទំនុកទំនួញទួញសោកគ្មានល្ហែ
អាសូរស្រ្តីខ្មែរនៅកម្ពុជាក្រោម ។
ជង្រុកទុក្ខធំដូចភ្នំសុមេរុ៍
សម្រែកស្រ្តីខ្មែរស្ទើរតែទ្រុឌភ្នំ
មេឃបាក់ដីបែកដើម្បីសំណូម
ពិភពលោកចោមរោមកាត់វាសនា ។
មានតែភក់ល្បាប់ជាប់ជាយជីវិត
កែវភ្នែកមានពិតងងឹតអន្ធការ
ថ្លុកជើងក្នុងស្រែប្រែជាជលសា
មិនចេះអក្ខរាដូនតាខ្មែរឡើយ ។
សូរទឹកភ្នែកធ្លាក់ហាក់ស្នូរទឹកជ្រោះ
ដាស់ខ្មែរស្រីប្រុសកុំបីកន្តើយ
រំដោះខ្មែរក្រោមចេញពីយួនឈ្លើយ
ជាតិឯករាជហើយស្រីបានរុងរឿង ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

ទឹកភ្នែក ១៩៤៩ តំណក់ ក្រោមរបបនឹមដែកយួន

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ទឹក ភ្នែកហូរហៀរជាជលសា
ភ្នែក ងឹតអន្ធការមុនពេលខ្វាក់
មួយ សែនកោដិទុក្ខសោកអួលអាក់
ពាន់ គុកច្រវាក់អន្ទាក់យួន ។
ប្រាំ ទសវត្សរ៍ស្លាប់មុនមរណា
បួន មិថុនា ឆ្នាំ សែប្រាំបួន (០៤/០៦ /១៩៤៩ )
រយ ពាន់ករណីខ្មែរស្លាប់ខ្លួន
សែសិប ប្រាំបួនយួនប្លន់ដី ។
ប្រាំ សែនជីវិតស្លាប់មុនកើត
បួន លានកំណើតស្លាប់ក្នុងផ្ទៃ
តំណក់ ឈាមស្រោចជោកធរណី
ក្រោម ការប្រល័យនៃជាតិយួន ។
របប យួនផ្លាស់ច្រើនតំណ
នឹម សង្កត់ ក ខ្មែរស្លាប់ផ្ទួន
ដែក ស្ពាន់លត់ដំគ្រាំគ្រាខ្លួន
យួន គឺជាយួន ខ្មែរអើយចាំ ៕៚
 

ក្រោកឡើង ! ក្រោកឡើង !

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ក្រោកឡើង ! ក្រោកឡើង ! ក្រោកឡើង !ឲ្យឆាប់
កុំដេកចាំស្លាប់ប្រញាប់ក្រោកឡើង
សាមគ្គីស្ម័គ្រស្មោះសង្រ្គោះជាតិយើង
ឆ្លងផុតភ្នក់ភ្លើង «កំពប់តែអុង» ។
ក្រោកឡើង ! ក្រោកឡើង ! ក្រោកឲ្យស្រុះគ្នា
ស្មាប្រកៀកស្មាយាត្រាតម្រង់
ឆ្ពោះទិសតែមួយលើកស្ទួយជាតិយើង
ខ្មែរក្រោមថ្កុំថ្កើងជាតិមានសេរី ។
ខ្មែរអើយក្រោកឡើងកុំបីបង្អង់
នាំគ្នាស្រោចស្រង់ខ្មែរក្រោមប្រុសស្រី
ដែលលិចអន្លង់ជង់យួនស្រកី
ខ្មែររស់មានន័យលើដីដូនតា ។
សហព័ន្ធខ្មែរក្រោមប្រឈមតស៊ូ
អង្គការ អិនប៉ូ (UNPO) ខំជួយតវ៉ា
ប្តឹងអន្តរជាតិសម្រេចវាសនា
លើដីដូនតាខ្លួនដោយខ្លួនឯង ៕៚

ខេត្តព្រះត្រពាំង, កម្ពុជាក្រោម ឆ្នាំ ២០០៥

ខ្ញុំជាប់គុកហើយ

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

គុកឥតជញ្ជាំងឃុំឃាំងកាយ
ទុក្ខគ្មានរសាយរីងរៃចិត្ត
ភ្នែកបើកទាំងទ្វេតែងងឹត
នេះគុកជីវិតឥតពន្ធា ។
ក្នុងគុកគ្មានទេសួនកម្សាន្ត
គ្មានមិត្តរាប់អានខានហ៊ឺហា
គ្មានញាតិបងប្អូនក្បែរកាយា
រស់ក្នុងអន្ធការស្តារស្មារតី ។
ក្នុងគុកគ្មានទេក្រុមគ្រួសារ
គ្មានរឿងស្នេហាប្រពន្ធប្តី
គ្មានកូនគ្មានចៅថ្នមបមបី
ជីវិតទីទៃលៃរឿងជាតិ ។
ក្នុងគុកគ្មានទេម្តាយឪពុក
ជីវិតឱបទុក្ខនឹកផៅញាតិ
ក្នុងស្បៃអន្ធការទ្រូងចង្អៀត      
នឹកឃើញសាសន៍ជាតិបាត់សេរី ។
កាយនៅក្នុងគុកចិត្តនៅក្រៅ   
ដង្ហោយស្រែកហៅខ្មែរប្រុសស្រី
ឱ្យស្មោះបរិសុទ្ធចិត្តភក្តី
ទាមទារសេរីជូនខ្មែរក្រោម ។
កាយនៅក្នុងគុកទុក្ខចម្បែង
ឃើញខ្មែរក្រោមរែងទុក្ខក្រៀមក្រំ
រស់ក្រោមនឹមដែកអាណានិគម
បាត់សិទ្ធិឧត្ដមជាម្ចាស់ដី ។
កាយនៅក្នុងគុកទុក្ខគ្រាំគ្រា
បានឃើញកុមារទាំងប្រុសស្រី
ប្រឹងរៀនតែយួនរៀងរាល់ថ្ងៃ
លែងចង់និយាយភាសាខ្មែរ ។
កាយនៅក្នុងគុកទុក្ខចម្បែង
មើលទៅក្មេងៗរែងឥតល្ហែ
គ្មានសាលារៀនអក្សរខ្មែរ
ប្រឹងរៀនសាសន៍គេគ្រប់ៗគ្នា ។
នេះហើយគុកងឹតឥតជញ្ជាំង
ដែលយួនបិទបាំងឲ្យអន្ធការ
ឲ្យខ្មែរក្រោមភ្លេចជាតិសាសនា
ងាយគេត្រួតត្រាតកូនចៅ ៕៚

កោះពេជ្រស្ពានមរណៈ

ក្នុងឱកាសគម្រប់ខួប ៧ ថ្ងៃនៃព្រឹត្តិការណ៍ ២២ វិច្ឆិកា 
សូមឧទ្ទិសកំណាព្យនេះដល់ជនរងគ្រោះទាំងឡាយដែល
បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏អាក្រក់មួយនេះ 
និងសូមបួងសួងឲ្យអ្នកទាំងឡាយឆាប់បានទៅចាប់
បដិសន្ធិក្នុងទីដ៏សមគួរ ។ 

កោះពេជ្រម្តេចអ្នកមិនចេញស្តី
តើខឹងរឿងអ្វីទើបបញ្ជា
ឲ្យស្ពានប្រល័យក្ស័យជន្មា
ជីវិតប្រជាជាតិខេមរា ។
ស្ពានពេជ្រអ្នកគ្មានវិញ្ញាណទេ
តែកាចខុសគេហ៊ានប្រហារ
ត្របាក់ជីវិតឥតមេត្តា
កាត់ផ្តាច់សង្ខារទាំងត្រដរ ។
ស្ពានពេជ្រឈ្មោះអ្នកសែនពិរោះ
តែចិត្តទុរយសជាឃាតក
សម្លាប់ជាតិខ្មែរយ៉ាងអមនុស្សធម៌
លែងយល់ខ្មៅសល្អអាក្រក់ ។
ស្ពានពេជ្រតើអ្នកត្រូវការអ្វី
បានហ៊ានប្រល័យទាំងដង្ហក់
ផ្ដាច់ផ្ដិលជីវិតប្តូរយកប្រាក់
ឬក៏ខ្លួនអ្នកធ្វើតាមគេ ។
ស្ពានពេជ្រអ្នកឃោរឃៅខ្លាំងណាស់
ឲ្យមនុស្សក្មេងចាស់ទុក្ខឥតល្ហែ
ស្រក់ទឹកនេត្រាទុក្ខរឹតទ្វេ
ទុក្ខព្រាត់កូនម៉ែឪពុកថ្លៃ ។
ស្ពានពេជ្រអ្នកដឹងរឿងរ៉ាវពិត
បើអ្នកមិនគិតជួយបកស្រាយ
ប្រាប់ឈ្មោះឃាតកខ្មែរប្រុសស្រី
យើងហៅឈ្មោះថ្មី "ស្ពានមរណៈ" ៕៚

ទីក្រុងបាងកក, ប្រទេសថៃ ថ្ងៃទី ២៩ ខែវិច្ឆិកា
គ. ស. ២០១០ ព. ស. ២៥៥៤

................................
និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ទឹកភ្នែកមនុស្សជាតិ

សូមឲ្យពលរដ្ឋជប៉ុនដែលបានស្លាប់ក្នុងគ្រោះរំជួលដី 
កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ បានទៅកើតក្នុង
កើតក្នុងទីគាប់ទីគួរ កុំបីឃ្លៀងឃ្លាតឡើយ ។

ឃើញរូបភាពភ្លាមក្រៀមក្រំឱរា
ស្រក់ទឹកនេត្រាស្លុតទាំងស្មារតី
ពលរដ្ឋជប៉ុនទើបស្លាប់ថ្មីៗ
ក្នុងគ្រោះរំជួលដីដ៏កាចសាហាវ ។
អ្នកបានឃ្លាតទៅនៅសល់ទុក្ខសោក
ធ្វើឲ្យទ្វីបលោកផ្ទៃមេឃពណ៌ខ្មៅ
មនុស្សគ្រប់ជាតិសាសន៍កាន់ទុក្ខសោកសៅ
ឧទ្ទិសសំដៅដល់អ្នកគ្រប់គ្នា ។
អ្នកមានគ្រោះព្រោះរំជួលផែនដី
មនុស្សក្នុងលោកីយ៍ទុក្ខសោកគ្រាំគ្រា
ទឹកភ្នែកហូរជោកផែនពសុធា
នេះហើយគឺជាទឹកភ្នែកមនុស្សជាតិ ៕ ៚

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

បុណ្យសែនដូនតានឹកវីរជនខ្មែរក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

រដូវកាន់បិណ្ឌខែភទ្របទ
សំឡេងសង្ឃសូត្រធម៌រងំ
បរាភវសូត្រដាស់ចិត្តខ្ញុំ
ចិន្តាក្រៀមក្រំលោមនឹកដល់ ។
អ្នកដែលបានពលីកម្មជីវិត
សាច់និងលោហិតឧទ្ទិសដល់
រដ្ឋកម្ពុជាក្រោមស្រស់និមល
ដើម្បីជាតិយល់សិទ្ធិម្ចាស់ការ ។
វីរជនខ្មែរក្រោមគ្រប់យុគៈ
អ្នកដែលបានលះបង់សង្ខារ
ដើម្បីខ្មែរក្រោមមានជន្មា
ព្រះពុទ្ធសាសនាបានគង់វង្ស ។
មានដូចខាងក្រោមខ្ញុំចារឈ្មោះ
ជូនញាតិស្រីប្រុសទាំងព្រះសង្ឃ
ចងចាំកុំភ្លេចគ្រប់កាយអង្គ
ហើយសូមកម្បង់ហត្ថវន្ទា ។
ឧកញ៉ា សឺង គុយ  វីរបុរស
ដើម្បីជាតិរស់លះជន្មា
ឲ្យយួនកាត់ក្បាលឥតរួញរា
ប្តូរយកសាសនានៅដែនក្រោម ។
លោក ឡាំ ឯម អភិបាលខេត្តឃ្លាំង
អ្នកបានផ្តើមសាង មិត្តសមាគម
ខ្មែរកម្ពុជាក្រោម ដើម្បីចោម
ការពារខ្មែរក្រោមជនម្ចាស់ស្រុក ។
 សេនាសួស្តិ៍ និង សេនាទៀ
សេនាមន្ត ជា មេទ័ពមុខ
ទប់ទល់ខ្មាំងយួនចូលលុយលុក
ធ្វើបាបម្ចាស់ស្រុកខ្មែរបាសាក់ ។
ព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ
សុគតប្រាណបង់ទាំងអួលអាក់
ក្នុងគុកយួនដៃជាប់ច្រវ៉ាក់
យៀកកុងទាត់ធាក់ធីវប្រហារ ។ (ធេវ គឺ Nguyen Van Thieu)
ព្រះមហា សឺង វ៉ង់ បង់ព្រះជន្ម
គឹម សាង  ក៏សូន្យក្ស័យសង្ខារ
ព្រះ គឹម តុក ចើង  សែនទុក្ខា
ត្រូវយួនប្រហារក្នុងគុកងឹត ។
ព្រះមហា សឺង ថាន សង្ឃឧត្តម
យឿង សុខ , គឹម សុមន៍ ចិត្តមុះមុត
នេន  គឹម សំណាង ក្លាហានពិត
ត្រូវយួនទុច្ចរិតបាញ់ប្រហារ ។
វីរជនជាសង្ឃនិងគ្រហស្ថ
រាប់នាមមិនអស់ក្ស័យសង្ខារ
ដើម្បីខ្មែរក្រោមមានជន្មា
បុណ្យសែនដូនតាខ្ញុំនឹកក្រៃ ។
ដោយអំណាចផលនៃបុណ្យ
រដូវភ្ជុំបិណ្ឌដប់ប្រាំថ្ងៃ
សូមឧទ្ទិសដល់អស់លោកថ្លៃ
បានសុខសួស្តីសេរីពិត ។
សូមឧត្តមគតិរដ្ឋបុរស
ខ្មែរក្រោមទាំងអស់ជាគំនិត
ឋិតនៅជានិច្ចក្នុងដួងចិត្ត
ខ្មែរក្រោមឆ្ងាយជិតជួយគិតគ្នា ។
ដោះស្រាយបញ្ហាយួនជិះជាន់
រំលោភបំពានសិទ្ធិសាសនា
សិទ្ធិជនជាតិដើមម្ចាស់រដ្ឋា
ទើបបានវាសនាជាតិយើងថ្កើង ៕៚

ឆ្នាំថ្មីនឹកកម្ពុជាក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

 ខែចេត្រចូលឆ្នាំចាំមិនភ្លេច
ថ្ងៃចាំងព្រិចៗនៅជើងភ្នំ
ក្នុងព្រៃរៃទួញសូររងំ
ហាក់ដាស់ចិត្តខ្ញុំលោមនឹកស្រុក ។
ជាច្រើនឆ្នាំហើយឃ្លាតភូមិឋាន
កន្លែងដែលបានផ្តល់ក្តីសុខ
ខានយល់ភក្ត្រាម្តាយឪពុក
អ្នកមានបន្ទុកធ្ងន់ក្រាស់ក្រៃ ។
ឆ្នាំថ្មីឆ្នាំនេះស្រណោះណាស់
ម្តាយនៅឯផ្ទះនឹកកូនក្រៃ
បួងសួងទេវតាសូមសេរី
ជូនខ្មែរប្រុសស្រីបានសុខសាន្ត ។
នឹកវត្តអារាមដាមក្នុងចិត្ត
អាល័យដល់មិត្តភក្តិ៍ធ្លាប់បាន
ទៅលេងក្នុងវត្តមិនដែលខាន
ចូលឆ្នាំសង្ក្រាន្តជាតិខ្មែរក្រោម ។
ចូលឆ្នាំម្ដងៗសប្បាយក្រៃ
បងប្អូនប្រុសស្រីមកជួបជុំ
នៅក្នុងអារាមឋានឧត្ដម
ធ្វើបុណ្យសន្សំសុខក្សេមក្សាន្ត ។
សិទ្ធិសេរីភាពលើក្តារជ្រញ់
កាំបិតប្រដេញទុក្ខឥតស្រាន្ត
សុខបានបន្តិចយួនក្តិចច្រាន
ឲ្យខ្ញុំឃ្លាតប្រាណពីញាតិកា ។
ឃ្លាតផ្ទះសម្បែងរែងកំសត់
ឆ្ងាយអារាមវត្តសែនកំព្រា
ព្រាត់ប្រាសពុកម៉ែសែនរងា
រស់នៅឯកាឆ្ងាយមាតុភូមិ ។
ធ្វើម្ដេចរូបខ្ញុំជាកូនប្រុស
កើតមកមានឈ្មោះពូជខ្មែរក្រោម
ជាតិរងទុក្ខសោករោគសង្គម
អាណានិគមយួនជិះជាន់ ។
ឆ្នាំថ្មីឆ្នាំក្រោយយើងជួបគ្នា
ឆ្នាំនេះវាសនាយើងមិនទាន់
មានសិទ្ធិម្ចាស់ការខ្លួនគ្រប់គ្រាន់
ជួបគ្នាក៏បានត្រឹមរីងរៃ ។
ឆ្នាំនេះបានត្រឹមតែជូនពរ
ដល់អ្នកមានធម៌និងថ្លើមថ្លៃ
ទាំងប្រជាខ្មែរក្រោមប្រុសស្រី
បានសុខសួស្តីសេរីហោង ៕៚

នឹកកម្ពុជាក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

សម្លឹងមើលមេឃសង្វេគចិន្តា                                 
សម្លឹងជលសាឱរាក្រៀមក្រំ 
ព្រួយអ្វីម្ល៉េះទេរេមើលទៅភ្នំ                                     
នឹកកម្ពុជាក្រោមដីឆោមឆើតល្អ ។
ខ្ញុំរស់ឆ្ងាយស្រុកទុក្ខធំសង្រេង
ឃ្លាតឆ្ងាយដីឯងចម្បែងស្ទើរមរណ៍
ចូលស្រុកមានទោសរស់ទាំងត្រដរ
ព្រាត់អ្នកមានធម៌ពុកម៉ែគុណធ្ងន់ ។
នឹកខ្លាំងរាំងចិត្តខិតខ្លួនមិនបាន
យំស្គមស្គាំងប្រាណខានជួបបងប្អូន
រឭកនឹកគ្រូឆ្លាប់ផ្តល់តម្បូន
បានដាស់តឿនកូនសិស្សឲ្យប្រពៃ ។
នឹកវត្តអារាមដាមក្នុងឱរា
ធ្លាប់បានសិក្សាភាសាម្តាយថ្លៃ
ទុក្ខម្នោទោម្នេញពេញក្នុងហឫទ័យ
នឹកថ្នាក់បាលីរៀនពីពុទ្ធសាសន៍ ។
ស្រណោះស្រណោកសំណោកកូនខ្មែរ
រស់លើដីកេរតែរងកម្មក្រាស់
រដ្ឋយួនកាឡៃរំលាយពូជសាសន៍
បិទសិទ្ធិក្មេងចាស់លះលាត់ជីវិត ។
រឭកនឹកណាស់រាស្រ្តខ្មែរប្រុសស្រី
គ្មានសិទ្ធិហាស្តីអត្ថន័យប្រវត្តិ
សាវតារខ្មែរក្រោមលោមរឿងជូរចត់
ដែលយួនទុច្ចរិតរឹតចង ក ខ្មែរ ។
អាណិតខ្លាំងពេករែកទុក្ខប៉ុនភ្នំ
នឹកឃើញខ្មែរក្រោមខំប្រឹងធ្វើស្រែ
ទឹកភ្នែកហូរហៀរក្លាយជាទន្លេ
យួនបានគ្នាន់គ្នេរស្រូវខ្មែរចុះថោក ។
អាណិតអាណោចស្ទើរខ្លោចហឫទ័យ
រាស្រ្តខ្មែរជាងបីពាន់នាក់មានរោគ
ខ្វាក់ភ្នែកស្រស់ៗរស់រងទុក្ខសោក
នេះមហាវិយោគរោគពូជសាសន៍ ។
ស្រងាកស្រងាត់វិបត្តិចិន្តា
ចម្បែងបញ្ហាកុមារវិបល្លាស
មិនបានសិក្សាពីអក្សរសាស្រ្ត
ខ្មែរក្រោមឲ្យច្បាស់ជាតិក្លាយជាអ្វី ។
រាប់ម៉ឺនបញ្ហាចារក្នុងអារម្មណ៍
នឹកដល់ខ្មែរក្រោមគ្រប់វិនាទី
ឱ ! កម្ពុជាក្រោមអ្នកកុំភិតភ័យ
ជាតិមានសេរីខ្ញុំវិលជួបអ្នក ៕៚
 

បេះដូងកុំព្យូទ័របំរើខ្មែរក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

បេះដូងកុំព្យូទ័របំរើខ្មែរក្រោម
បេះដូងខ្ញុំមួយព្រួយអនេក                     
ពេលយប់មិនដេកចម្លែកក្រៃ
ថាគូស្នេហ៍ចុះព្រាត់ទីទៃ                         
កើតរោគស្នេហៃរីងរៃចិត្ត ។
យប់ជ្រៅណាស់ហើយម្តេចឡើយខ្ញុំ
រែកទុក្ខប៉ុនភ្នំខំសួរចិត្ត
ថាខ្លួនមិនយំម្ដេចភ័ក្រ្តពិត
ទឹកភ្នែកដាមដិតជិតនេត្រា ។
ឱ ! ទឹកភ្នែកជោរហូរជោកភ័ក្ត្រ
ឃើញខ្មែរក្រោមធ្លាក់អន្ទាក់ខ្លា
រស់ក្រោមអំណាចយួនផ្ដាច់ការ
បាត់សិទ្ធិមនុស្សារស់ដូចមរណ៍  (១) ។
សម្រស់បេះដូងទងខ្មែរក្រោម
ស្រីៗលួងលោមរោមចង់យក៍  (២)
ទៅស្នេហ៍រួមរឹតស្និទ្ធត្រេកអរ
ត្រដរអង្វរយំរាល់ថ្ងៃ ។
បេះដូងខ្ញុំមួយត្រួយខ្មែរក្រោម
ធ្វើម្តេចនឹងព្រមជូនឆោមស្រី
ថ្វីបើសាសន៍ជាតិបាត់សេរី
ខ្មែរក្រោមរីងរៃម្ដេចស្រីសុខ ។
បេះដូងខ្ញុំគឺកុំព្យូទ័រ
បំរើខ្មែរក្រោមគ្រប់ជំពូក
សម្រួលឯកសារជាត្រីមុខ
ប្ដឹងយួនកលិយុគរុកសាសនា ។
ចងក្រងប្រវត្តិសាស្ត្រដាស់ខ្មែរ
ឲ្យចេះថួនថែកេរដូនតា
រំឭកជាថ្មីន័យសាវតារ
បទយួនប្រហាររំលោភសិទ្ធិ៍ ។
ស្រាវជ្រាវឡើងវិញទន្ទេញចាំ
នូវសោកនាដកម្មត្រាំជីវិត
អតីតបច្ចុប្បន្នមានពិតៗ
ដែលយួនឧក្រិដដកសិទ្ធិខ្មែរ ។
ព័ត៌មានក្ដៅៗនៅក្នុងលោក
រឿងខ្មែរក្រោមសោកទុក្ខឥតល្ហែ
សែនដ៍ (Send) តាមអ៊ីម៉ែលទៅឡាអេ
ស្សឺណែវឲ្យគេរកសេរី ។
បេះដូងខ្ញុំលោមអ៊ិនធើណែត
ព័ត៌មានទាន់ហេតុតាមវេបសៃថ៍
ជនជាតិក្នុងលោកមានហុកបី (៣)
បាត់សិទ្ធិសេរីលើដីខ្លួន ។
ខ្មែរក្រោម អាចេហ៍ ម៉ុងតាញ៉ា
ជាតិនេះជាអាទិ៍បានយូអិន (UNPO)
ភីអូលើកស្ទួយជួយថែថួន
ស្វែងរកសិទ្ធិខ្លួនសិទ្ធិស្វយ័ត ។
បេះដូងខ្ញុំលោមជាតិសាសនា
ប្រឹងប្រែងធ្វើការគ្មានថាហត់
ដើម្បីខ្មែរក្រោមបានពេញសិទ្ធិ
រួចផុតអាណានិគមយួនហោង ៕៚

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ០៥  ខែវិច្ឆិកា  ឆ្នាំ ២០០៥

.....................................


(១) មរណ៍៖ អានថា ម៉ មកពី មរណៈ
(២) យក៍៖ អានថា មកពី យក
(៣) កាលពី ឆ្នាំ ២០០៥ អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO)   
       មានសមាជិកទាំងអស់ ចំនួន ៦៣ ។

ព្រាត់

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ធម្មជាតិបច្ចុប្បន្នប្លែកសែនប្លែក                 
ក្លាយជារហែកញែកពីគ្នា
ឲ្យឃ្លាតទីទៃសែនរងា                             
កម្មអ្វីផ្តន្ទាឲ្យទុក្ខា ។
ព្រះចន្ទនិមលព្រាត់រាត្រី       
ឯព្រះសុរិយឫទ្ធថ្លៃថ្លា
ព្រាត់ប្រាសពេលថ្ងៃសែនខ្លោចផ្សា
ញ៉ាំងលោកអន្ធការាស្ត្រទុក្ខភ័យ ។
កុកព្រាត់ពីបឹងប្រឹងលាក់ខ្លួន
បុប្ផាព្រាត់សួនពួនក្នុងព្រៃ
អន្ទង់ព្រាត់ភក់ទុក្ខរីងរៃ
គង្គាព្រាត់ត្រីក្ស័យជន្មា ។
ព្រះសង្ឃឃ្លាតវត្តព្រាត់បុរី
ស្រណោះរាជសីហ៍ព្រាត់គុហា
ភ្នែកព្រាត់គំហើញរូបនានា
ត្រចៀកប្រែជាព្រាត់សំឡេង ។
កាយព្រាត់បេះដូងយោងលាមក
កំពង់ព្រាត់ទូកសោកសង្រេង
ស្ករព្រាត់រស់ផ្អែមសែនចម្បែង
ល្វីងព្រាត់ពីស្លែងរែងកំសត់ ។
ព្រាត់ ! ព្រាត់! យ៉ាងហ្នឹងពឹងលើអ្វី
បើរឿងអ្វីៗសុទ្ធតែព្រាត់
កម្មកាចសាហាវមកពង្រាត់
ឲ្យខ្មែរខ្ញុំព្រាត់ៗពីខ្មែរ ៕ ៚

.................................

អត្ថបទនេះ បាននិពន្ធនៅក្នុងឆ្នាំ ២០០៧ ឆ្លុះបញ្ចាំងពីស្ថានភាពនយោបាយ នៅប្រទេសកម្ពុជា បានចាប់ផ្សឹក ព្រះតេជព្រះគុណ ទឹម សាខន ជាព្រះសង្ឃខ្មែរ ក្រោម នៅប្រទេសកម្ពុជាឲ្យទៅរដ្ឋាភិ បាលយួនដាក់គុកយ៉ាងសាហាវ ។ ព្រះសង្ឃ ខ្មែរក្រោម ដែលបានប្រជុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូត យួន នាទីក្រុងភ្នំពេញ ដើម្បី ទាមទារឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ក៏ត្រូវក្រុម ប៉ូលិសខ្មែរដេញវាយសំពងឥតត្រាប្រណី ។  

កវី

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

កវីគឺជានាវាផ្ទុកវោហារ          
ឬជាអ្នកបញ្ជូនសារអាថ៌កំបាំង 
កកាយប្រាយប្រាប់មនុស្សគ្មានលាក់បាំង 
ឬជាកញ្ចក់បញ្ចាំងផ្ទាំងជីវិត ។
កវីគឺជាអ្នកស្រមើស្រមៃ 
រាល់យប់ថ្ងៃដងប៉ាកកាគឺជាមិត្ត 
យកក្រដាសកាសធម្មជាតិឲ្យចូលជិត 
មកនែបនិត្យរួមស្នេហស្និទ្ធនឹងមនុស្សា ។ 
កវីគឺជាសួនផ្កាចម្រុះពណ៌ 
បញ្ចេញសម្រស់ស្រស់ល្អគួរទស្សនា 
អ្នកមានកង្វល់ខ្វាយខ្វល់ក្នុងចិន្តា 
បានទតហើយក្នុងឱរាស្បើយទុក្ខភ័យ ។ 
កវីគឺជាថ្នាលបណ្តុះសត្យារម្មណ៍ 
ជនគ្រប់ឋានានុក្រមប្រុសឬស្រី 
បានយល់ហើយដុះគំនិតដូចកវី 
សម្រិតសម្រាំងជាថ្មីន័យជីវិត ។ 
កវីគឺជាគ្រូវេទមន្តដ៏មហិមា 
អាចកាឡាខ្លួនទៅជាមារមានឫទ្ធ 
ជារាហូមានអំណាចដោយនិមិត 
ចាប់អង្អែលថើបស្នេហ៍ស្និទ្ធរឹតចន្ទថ្លៃ ។ 
កវីគឺជាវិចិត្រករដៃឯក 
និពន្ធរឿងរ៉ាវចម្លែកក្នុងលោកីយ៍ 
ទៅជាផ្ទាំងគំនូរដ៏ស្រស់ប្រិមប្រិយ 
អ្នកយល់ន័យនឹងសើចជួនទឹកនេត្រា ។ 
កវី !កវី ! ជាស្ពានមេត្រីនៃបេះដូង 
តែងចម្រៀងស្នេហ៍ផ្ដោះផ្ដងក្រងស្នេហា 
ដោយសម្តីសំដៅសំនួនចួនវោហារ 
ជាចំណីនៃសោតាចិន្ដាមនុស្ស ៕៚

អត្ថបទនេះ បាននិពន្ធនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ឆ្នាំ ២០១០

.........................................

ពន្យល់ពាក្យ
កវី [អានថា] កៈ-វ៉ី សំ. បា. ( ន. ) (កវី) អ្នកប្រាជ្ញដែលចេះតែងឆន្ទ, កាព្យឃ្លោង (អ្នកប្រាជ្ញខាងសំដី) ។ កវីនិពន្ធ [អានថា] កៈ-វ៉ី និពន់ បា. ( ន. ) (កវិ + និពន្ធ) កវីជាអ្នកនិពន្ធ, អ្នកនិពន្ធខាងកាព្យឃ្លោង ។ ឆន្ទ [អានថា] ឆ័ន សំ. បា. ( ន. ) ឈ្មោះដំណើរកាព្យមានកំណត់ដោយអក្សរដែលត្រូវរៀបរៀង ... ។ (វចនានុក្រមខ្មែរ—សម្តេចព្រះសង្ឃរាជ ជួន ណាត)

កូនកំព្រា

(កំណាព្យមេពាក្យ ៩)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

កូនកំព្រាព្រាត់ឪពុកទុក្ខរីងរៃ
កូនកំព្រាឃ្លាតម្តាយថ្លៃបីនែបនិត្យ
កូនកំព្រារស់រងកម្មត្រាំជីវិត
កូនកំព្រាចង់នែបនិត្យជិតមេបា ។
ម្តាយនៅរស់ត្រឹមតែកាយក្ស័យវិញ្ញាណ
ម្តាយនៅរស់ឈ្មោះជាស្ពានយានបច្ចា
ម្តាយនៅរស់អស់បេះដូងយោងសង្ខារ
ម្តាយនៅរស់ក្សោះកាយាលែងហាស្តី ។
ឪមិនស្លាប់ជាប់នឹងជង់អន្លង់កាម
ឪមិនស្លាប់ងប់ដិតដាមស្រាំស្មារតី
ឪមិនស្លាប់ងប់តណ្ហាស្រវាស្រី
ឪមិនស្លាប់ចាប់បុត្រថ្លៃលៃតម្រេក ។
កូនទុក្ខធំយំយែករកលោកមេបា
កូនទុក្ខធំខំស្រវារកបង្អែក
កូនទុក្ខធំក្រំជីវិតចិត្តសង្វេគ
កូនទុក្ខធំខំប្រឹងស្រែករែកឃ្នាងខ្នោះ ។
ប្រឹងរត់រកលោកមេបាការពារពង្ស
ប្រឹងរត់រកជ្រកកាយអង្គប្រុងរួមរស់
ប្រឹងរត់រកពុកម៉ែឯងក្រែងផុតគ្រោះ
ប្រឹងរត់រកលោកបង់បោះគ្រោះដល់ស្លាប់ ។
ពេលដឹងខ្លួនពួនឱបទុក្ខពុកជាប់ទ្រុង
ពេលដឹងខ្លួនម្តាយជាប់ជង់ក្នុងភក់ល្បាប់
ពេលដឹងខ្លួនបេះដូងស្វិតចិត្តកកខាប់
ពេលដឹងខ្លួនពុកម៉ែស្លាប់ជាប់ចំណង ។
តាំងចិត្តថាស្រវារៀនរបៀនថ្លៃ
តាំងចិត្តថាស្តារស្មារតីឲ្យផូរផង
តាំងចិត្តថាសាងជីវិតផុតសៅហ្មង
តាំងចិត្តថាយាត្រាត្រង់គង់រុងរឿង ៕៚

........................................

អត្ថបទនេះ បាននិពន្ធនៅក្នុងឆ្នាំ ២០០៧ ឆ្លុះបញ្ចាំងពីស្ថានភាពនយោបាយ នៅប្រទេសកម្ពុជា បានចាប់ផ្សឹក ព្រះតេជព្រះគុណ ទឹម សាខន ជាព្រះសង្ឃខ្មែរ ក្រោម នៅប្រទេសកម្ពុជាឲ្យទៅរដ្ឋាភិ បាលយួនដាក់គុកយ៉ាងសាហាវ ។ ព្រះសង្ឃ ខ្មែរក្រោម ដែលបានប្រជុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូត យួន នាទីក្រុងភ្នំពេញ ដើម្បី ទាមទារឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ក៏ត្រូវក្រុម ប៉ូលិសខ្មែរដេញវាយសំពងឥតត្រាប្រណី ។  

ផ្ទះចាបសម្បុកមនុស្ស

(កំណាព្យមេពាក្យ ៧)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

សត្វចាបមានផ្ទះរស់សុខសាន្ត
គ្មានអ្នករំខានទន្ទ្រានចាប់
នៅក្នុងប្រទេសមានសណ្ដាប់
មនុស្សគោរពច្បាប់សិទ្ធិនានា ។
បក្សីបក្សាដើរសេរី
គ្មានអ្នកបំភ័យគំរាមវា
មានសិទ្ធិត្របាញ់វេញគេហា
នៅជិតមនុស្សាដោយក្សេមក្សាន្ត ។
មនុស្សបាត់ប្រទេសស្លាប់មិនសុខ
គេតាមចាក់រុកទុក្ខរំខាន
ហោះហើរមិនរួចស្គមស្គាំងប្រាណ
ពួកព្រានតាមដានបាញ់រាល់ថ្ងៃ ។
សម្បុកតូចតាចដាចរហែក
កូនចៅយំយែកបែកទីទៃ
ចង់អភិវឌ្ឍខ្លួនឲ្យថ្លាថ្លៃ
តែគ្មានសេរីអ្វីសោះឡើយ ។
ព្រានចងព្រានចាប់រាប់លកលៃ
ដាក់ខ្នោះឃ្នាងដៃទុក្ខឥតស្បើយ
រស់បាត់ប្រទេសគ្មានល្ហែល្ហើយ
សម្បុកធ្វើហើយត្រូវព្រាត់ប្រាស ។
ចាបនៅក្នុងផ្ទះសោយសុខា
ព្រោះមានរដ្ឋាជាមោទនៈ
មនុស្សគ្មានសម្បុកទុក្ខខ្លាំងណាស់
ព្រោះត្រូវព្រាត់ផ្ទះបាត់ប្រទេស ៕៚

ខេត្តអយុធ្យា ប្រទេសថៃ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែជេស្ឋ
ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា គ. ស. ២០១១

ខ្ញែរឡើងទ្រើង

(កំណាព្យមេពាក្យ ៧)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

វស្សាភ្លៀងធ្លាក់ចាក់ជោកដី
ខ្ញែរដុះផុតដីត្រួយខ្ចីលាស់
ស្មានថាប្រពាយអន្លក់ស្រស់
ធ្វើទ្រើងឲ្យបោះពួយវល្លិថ្លៃ ។
ថែទាំថ្នមថ្នាក់ចាក់ស្រោចទឹក
ក្នុងចិត្តគិតនឹកនឹងបានឆី
បន្លែខ្ចីស្រស់ផ្លែប្រពាយ
បីបាច់រាល់ថ្ងៃក្នុងចម្ការ ។
ខែប្រាំងឈានមកពន្លកខ្ញែរ
បញ្ចេញផ្កាផ្លែដូចប្រាថ្នា
សប្បាយចិត្តហួសព្រោះគិតថា
ជិតបានពិសាផលាស្រស់ ។
ដល់ពេលកំណត់ខ្ញែរទុំជោរ
ព្រះពាយផាត់មក៍គ្មានស្រណោះ
នាំយកមមីសខ្ញែររមាស់
រោលមនុស្សស្រីប្រុសក្តៅក្រហាយ ៕៚

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែជេស្ឋ ឆ្នាំថោះត្រីស័ក ព. ស.២៥៥៥
ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា  គ. ស. ២០១១

ក្រឹមមាសក្នុងដប

(កំណាព្យមេពាក្យ ៤ បទកាកគតិ)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ក្រឹមមាសពូជត្រី
រស់ក្នុងកុន្នទី             
ពុំស្គាល់សមុទ្ទ           
បានចូលក្នុងដប
ម្ចាស់គាប់ស្នេហ៍ស្និទ្ធ 
សម្ញែងពលឫទ្ធ 
ដាក់តែគ្នាឯង ។
ស្រកីស្រកា           
ដូចមាសភ្លឺថ្លា
ភ្លឺផ្លេកចិញ្ចែង             
បាននៅក្នុងដប 
ងប់ជោរម្នាក់ឯង
ពាលដាក់គេឯង
លែងស្គាល់ពូជភ្ងា ។ 
បញ្ចេញស្រកា     
ដាក់ពូជមច្ឆា
ក្រឹមជាតិដូចគ្នា   
ខ្លួននៅក្នុងដប
ស្មានថាសួគ៌ា
ខំប្រឹងជល់គ្នា
ផ្គាប់ផ្គុនម្ចាស់នាយ ។
រីឯក្រឹមក្តារ 
គិតពិភាក្សា
នឹងក្រឹមទន្សាយ 
ស្រងាកចិត្តថា
ក្រឹមមាសនឹងក្ស័យ 
ព្រោះពូកែវ៉ៃ
បានតែគ្នាឯង   ។
បើក្រឹមមាសខ្លាំង
គួរចេញតតាំង
នឹងពូជអណ្តែង
ដែលមានពិសពុល
គ្រោះថ្នាក់ក្រៃលែង 
មិនគួរចំបែង
គ្នាឯងសោះឡើយ ។
ម្ចាស់លែងត្រូវការ
ចាប់ច្រាស់ស្រកា
ស្លនឹងល្មៀតហើយ 
ជប់លៀងព្រៀងលាន
សប្បាយរំភើយ
ក្រឹមមាសក្ស័យហើយ 
គ្មានឡើយស្រណោះ ៕ ៚

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែចេត្រ ឆ្នាំ ថោះត្រីស័ក
ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ២១ ខែមេសា គ. ស.  ២០១១
 

ពូជមាន់ជល់

(កំណាព្យមេពាក្យ ៩)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ពូជអណ្ឌៈ ញាស់ពីមាន់មេតែមួយ
កើតទុក្ខព្រួយកូនមួយគ្រករកជល់គ្នា
ភ្លេចសម្បុកស៊កចំបើងទ្រាប់ពងភ្ងា
ផ្គាប់ម្ចាស់ថ្មីចិត្តពាលាជាសត្រូវ ។
ម្ចាស់ចិញ្ចឹមត្រឹមទុកជល់ភ្នាល់ចំណេញ
ឲ្យចំណីឆីឥតម្នេញវេញតម្រូវ
ទទះស្លាបជាប់ក្នុងជាលពាលពេកកូវ
ប្រឹងរងាវស្ទាវរងើមិនពើស្លាប់ ។
គំនិតណោតឆោតឆៅឆេវរងាវកាយ
សម្រួចខ្នាយកាយសម្ញែងរែងសណ្តាប
ភ្លេចផៅពងក្នុងសម្បុកគ្រកមេក្រាប
ជល់ដល់ស្លាប់ដាបលោហិតដិតធរណី ។
កិច្ចសម្រេចស្រេចតែម្ចាស់ខ្ទះរងចាំ
ទឹកក្តៅដាំត្រាំអានាងលាងឆាខ្ញី
ជាអាហារ ការលៀងភ្ញៀវឆែវមេត្រី
ជីវិតស្លាប់អាប់ឥតន័យក្ស័យកិត្តិយស ៕៚

ថ្ងៃសៅរ៍ ១៣ កើត ខែចេត្រ ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៤
ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ. ស. ២០១១

Wednesday, May 27, 2020

គតពូជ

(កំណាព្យមេពាក្យ ៩)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

មើលមាឌហំធំរលើបរលង់ស្រិល
គ្មានកង្វល់និមលឈរកំដរផ្លួវ
មើលសម្បកដក់ស្នេហ៍ស្និទ្ធគិតនិត្យនៅ
តែចិត្តពៅអាស្រូវពិតឥតខ្លឹមក្នុង ។
ឈរមាត់ច្រកដកដង្ហើមពុំចេញស្តី
ដូចចំណងចងមាត់ស្រីថ្លៃអនង្គ
ឲ្យធ្វើ "គ" ឈរហាលខ្យល់ដល់ថ្លៃថ្លង់
ហៅព្រលឹងសឹងតែស្លាប់ស្តាប់មិនឮ ។
តើអ្នកណាបញ្ជាមក៍ឲ្យឈរធ្មឹង
ឈរខួបប្រាំងទាំងភ្លៀងខ្យល់មិនខ្វល់ឈឺ
"គ" យូរហើយឈ្មមត្រាណត្រើយឆ្លើយបំភ្លឺ
ឲ្យបានឮបំភ្លឺជាតិឃ្លាតមរណា ។
ទោះព្រលឹង ធ្មឹងមិនស្តី ពីការពិត
ដែលវរមិត្តគិតសញ្ជប់កប់ចិន្តា
គង់ស្លាប់"គ" តកូនចៅ ពង្សាវតារ
ធ្វើម្តេចទៅពៅកនិដ្ឋាជាពូជ "គ"   ៕ ៚

ថ្ងៃចន្ទ ១៥ កើត ខែចេត្រ ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៤
ត្រូវនឹងថ្ងៃទី ១៨ ខែមេសា គ. ស. ២០១១

វត្តមជ្ឈិមារាម (កណ្ដាល) ជាថ្នាលជាតិសាសនា

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

មជ្ឈិមារាម ហៅ វត្តកណ្ដាល       
មានអាយុកាលប្រាំពីររយឆ្នាំ
ធ្វើបុណ្យខួបវត្តដ៏ធំ                   
កត់ចំណាំនូវសមិទ្ធផលថ្មី
សម្ពោធខ្លោងទ្វារ និង ចេតិយ  បណ្ណាល័យ
និងសាលាធម្មសភា ។
ព្រមទាំងឆ្លងបង្គោលទង់             
ហើយនឹងរបងព័ទ្ធជាដែនសីមា
អគារមានក្បាច់រចនា                 
ជាតិខេមរាជាស្នាដៃកូនខ្មែរ
ដែលខំប្រឹងរក្សាថែ                   
ឲ្យជាតិខ្មែរបានគង់វង្សល្បីសុសសាយ ។
មួយពាន់បីរយដប់ប្រាំពីរ    (គ. ស.១៣១៧)         
បរិស័ទមូលមីរសាមគ្គីព្រួតដៃ     
បង្កើតជាវត្តថ្លាថ្លៃ                     
ទុកជាទីបំពេញបុណ្យសុន្ទរ៍ទាន
នៅក្នុងស្រុកកំពង់ស្ពាន               
ជាភូមិឋាននៃដីខេត្តព្រះត្រពាំង ។
ពុទ្ធបរិស័ទចំណុះជើងវត្ត           
គោរពប្រតិបត្តិព្រះធម៌ដោយផ្ចិតផ្ចង់
ដាក់បាត្រចិញ្ចឹមព្រះសង្ឃ           
លោកទ្រទ្រង់ព្រះពុទ្ធសាសនា
បង្រៀន និងបើកសាលា             
ឲ្យសិក្សាអក្សរសាស្ត្រ នៃជាតិខ្មែរ ។
មាន់រងាវរដូវកាន់បិណ្ឌ               
ព្រះសង្ឃស្រែបុណ្យសូត្របរាបាលីប្រែ
សូររងំក្រោមពន្លឺខែ                   
ដាស់អស់ខ្មែរឲ្យរូតរះទៅវត្ត
ចូលឆ្នាំខ្មែរតាមកំណត់               
លេងទាញព្រ័ត្របោះឈូងល្បែងប្រជាប្រិយ ។
ពេលរសៀលឮសូររគាំង           
ព្រះសង្ឃគ្រប់អង្គនមស្ការរត្នត្រ័យ
ចម្រើនមេត្តាធម៌ថ្លៃ                   
ឲ្យលោកីយ៍បានសុខក្សេមក្សាន្ត
ជាតិខ្មែរកាន់ធម៌គ្រប់ប្រាណ       
បានសុខសាន្តថ្កើងថ្កានតរៀងទៅអឺយ ៕៚

...........................................

កំណាព្យនេះ អាត្មាបាននិពន្ធ និងបានផលិតជាបទចម្រៀងសម្រាប់ផ្សព្វ ផ្សាយតាមរយៈអិនធើណិត ស្របពេលដែល វត្តមជ្ឈិមារាម (កណ្ដាល) ជាវត្ត កំណើតរបស់អាត្មា ធ្វើបុណ្យខួបវត្តគម្រប់ ៧០០ ឆ្នាំ (១៣១៧-២០១៧) ។

បទនេះ អាត្មាបានឲ្យ លោក ណូយ វ៉ាន់ ណេត និង អ្នកស្រី អឿន ស្រីមុំ ជាតារាចម្រៀងនៅប្រទេស កម្ពុជា ជាអ្នកច្រៀង និងថតនៅឆ្នាំ ២០១៨ ដោយ វុធថា ស្ទូឌីយោ  ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។

ជីវិតព្រះសង្ឃទ្រទ្រង់ជាតិសាសនា

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ពេលខ្ញុំពេញវ័យពុកម្ដាយបាននាំ
ទៅថ្វាយបង្គំទូលសូមព្រះសង្ឃ (២ ដង)
ធ្វើជាសេក្ខវត្តប្រតិបត្តិតម្រង់
ចរិយាឲ្យត្រង់គន្លងសាសនា
រៀនអក្សរជាតិសង្វាតធម៌អាថ៌
ស្រវាវិជ្ជា ។
នៅពេលខ្ញុំបួសម្ដាយអ្នកទូលត្រ័យ
ចិត្តសប្បាយក្រៃគ្មានអ្វីគណនា (២ ដង)
បានបួសជាសង្ឃមាតាបិតា
គោរពវន្ទាដោយសទ្ធាស្មោះ
ព្រោះសង្ឃឹមថាកូនបានរំដោះ
ពីគ្រោះអវិជ្ជា ។
ពេលបួសថ្មីៗសំភីរៀនធម៌
រៀនទាំងអក្សរពីគ្រូអាចារ្យ (២ ដង)
មានតែវត្តទេដែលជាសាលា
ឲ្យខ្ញុំសិក្សាអក្សរសាស្ត្រខ្មែរ
លោកគ្រូដឹកនាំអប់រំកែប្រែ
បង្វែរវាសនា ។
មួយរោចពិសាខពុទ្ធសករាជថ្មី
គ្រប់វត្តឃ្មាតខ្មីលៃបើកសាលា (២ ដង)
ថ្នាក់ពុទ្ធិកវិទ្យាល័យសិក្សា
ខ្ញុំបង្គំលាចៅអធិការវត្ត
លាឪពុកម្ដាយព្រមទាំងបរិស័ទ
ចេញទៅសិក្សា ។
ចំណេះរបៀនរៀនចេញពីវត្ត
ដោយសារបរិស័ទដាក់បាត្រអាហារ (២ ដង)
មានគ្រូស្ម័គ្រចិត្តបង្រៀនវិជ្ជា
ផ្ដល់ពន្លឺប្រាជ្ញាទ្រព្យាថ្លាថ្លៃ
ធ្វើឲ្យជាតិខ្មែរគង់វង្សសព្វថ្ងៃ
នៅកម្ពុជាក្រោម ៕៚

ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក
ថ្ងៃសៅរ៍ ១ កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព. ស. ២៥៦១
ត្រូវនឹងថ្ងៃទី ១៧ ខែមីនា គ. ស. ២០១៨

.............................

កំណាព្យនេះ អាត្មាបាននិពន្ធ និងបានផលិតជាបទចម្រៀង សម្រាប់ផ្សព្វ ផ្សាយតាមរយៈបណ្ដាញសង្គម Facebook និង Youtube អំពីប្រពៃណីការ បួសរៀននៅដែនដីកម្ពុជាក្រោម  ។ បទនេះ អាត្មាបានឲ្យ លោក ណូយ វ៉ាន់ ណេត ជាតារាចម្រៀងនៅ ប្រទេសកម្ពុជា ជាអ្នកច្រៀង និងថតដោយ វុធថា ស្ទូឌីយោ  ដែលមានទីតាំងនៅ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។

ពន្លឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង

(កំណាព្យមេពាក្យ ៨)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ពីរពាន់ដប់ប្រាំបួនចួនមួយមិថុនា
ខ្មែរក្រោមរួមគ្នាទៅក្រុងឡាអេ
ប្រទេសហូឡង់ដើម្បីគ្នាន់គ្នេរ
បញ្ហាដីកេរខ្មែរកម្ពុជាក្រោម ។
ធ្វើសន្និសីទខ្នាតអន្តរជាតិ
វាគ្មិនជួយលាតបញ្ហាប្រឈម
ដែលយួនជិះជាន់ធ្វើទុក្ខខ្មែរក្រោម
អស់ចិតសិបឆ្នាំរងទុក្ខខ្លោចផ្សា ។
អង្គការសហព័ន្ធខ្មែរកម្ពុជាក្រោម
មិននៅសម្ងំខំប្រឹងតវ៉ា
អញ្ជើញវាគ្មិនមកប្រាប់មាគ៌ា
សម្រេចវាសនាខ្លួនដោយខ្លួនឯង ។
ខ្មែរក្រោមគ្រប់រូបឈ្វេងយល់សិក្សា
ពីសិទ្ធិម្ចាស់ការវាសនាខ្លួនឯង
ខំប្រឹងតស៊ូតាមច្បាប់បានចែង
ព្យាយាមជាក់ស្ដែងគង់បានសម្រេច ៕៚

ថ្ងៃព្រហស្បហ៍ ៦ កើត ខែវិសាខ ឆ្នាំកុរឯកស័ក  ព. ស. ២៥៦២
ត្រូវនឹងថ្ងៃទី ៩ ខែឧសភា គ. ស. ២០១៩

ដំណែងខ្យល់

(កំណាព្យមេពាក្យ ៩)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ដំណែងខ្យល់ គេផ្ដល់ឲ្យ ដោយកិត្តិយស
ជូនដល់មនុស្ស ស្មោះនឹងជាតិ ឆ្លៀតការងារ
 ស្ម័គ្រធ្វើការ ស្ដារសង្គម គ្រប់វេលា
 ឥតរួញរា មិនទាមទារ បៀវត្សឡើយ ។
 ដំណែងខ្យល់ បានផលអ្វី ថ្លៃមកខ្លួន
 ទើបនឹងនួន ស្ងួនខំជល់ ទាល់ត្រាណត្រើយ
 ដាច់ខ្យល់ស្លាប់ ដាបលោហិត ឥតល្ហែល្ហើយ
 ទុក្ខគ្មានស្បើយ អស់ដីហើយ មិនភ្ញាក់ខ្លួន ។
 ដំណែងខ្យល់ គេផ្ដល់ឲ្យ ដោយយល់ថា
 អ្នកស្នេហា ជាតិប្រជា ធំជាងខ្លួន
 ខំធ្វើការ  យ៉ាងខ្លាំងក្លា ត្រាតែស្ងួន
 ភ្លេចគិតខ្លួន  ធួនគ្រួសារ ស្ដាររឿងជាតិ ។
 ផ្ទុយទៅវិញ គិតមិនចេញ ជ្រេញនិម្មល
 បានងារខ្យល់ ខ្វល់តែជល់ ពុលអំនួត
 ខាំគ្នាឯង ប៉ុន្មាននាក់ ស្ម័គ្រជាញាតិ
 ប្រឹងតែឆ្លៀត វិវាទគ្នា ងារបានអ្វី ? ៚

 ថ្ងៃសៅរ៍ ១៣ កើត ខែមាឃ ឆ្នាំ មមែ សប្ដស័ក
ព. ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ គ. ស. ២០១៦

រៀបរាប់ឈ្មោះខេត្តខ្មែរនៅកម្ពុជាក្រោម

(កំណាព្យមេពាក្យ ៨)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

កម្ពុជាក្រោមដែនដីសណ្ដ
ធម្មជាតិស្រស់ល្អជាកេរខេមរា
ត្រូវយួនកាន់កាប់បន្តត្រួតត្រា
ខ្មែរក្រោមខ្លោចផ្សាលើទឹកដីខ្លួន ។
ភូមិស្រុកនានាជាភាសាខ្មែរ
 ត្រូវយួនកែប្រែជាភាសាយួន
កូនខ្មែរគ្រប់រូបសូមកុំភ្លេចខ្លួន
ខំជួយថែថួនឈ្មោះភូមិស្រុកខ្មែរ ។
ព្រៃនគរ ប្ដូរជា ហូជីមិញ
កូនខ្មែរទោម្នេញរងទុកឥតល្ហែ
កំពង់ឫស្សី ប្ដូរជា បេនត្រែ
មាត់ជ្រូក យួនកែទៅជា អាងយ៉ាង ។
ខេត្តព្រះត្រពាំង ប្ដូរជា ត្រាវិញ ឯ
ខេត្តឃ្លាំង វិញប្ដូរជា សុកត្រាំង
ខេត្តកំពង់គោ ប្ដូរជា ឡុងអាង
បំបាត់ភស្តុតាងដីខ្មែររុងរឿង ។
ខេត្តទួលតាមោក ដីធំពន់ពេក
ត្រូវយួនពុះចែកបំបាត់ដើមរឿង
ចេញជាពីរខេត្តបិនភឿង បិនយឿង
កូនខ្មែរចាំរឿងនេះឲ្យបានច្បាស់ ។
ស្ដាយខេត្តទឹកខ្មៅ ប្ដូរជា កាម៉ាវ
ឯ ខេត្ពពលលាវ ឈ្មោះពីរោះណាស់
ប្ដូរជា បាកលីវ ធ្វើឲ្យក្មេងចាស់
ភ្លេចប្រវត្តិសាស្ត្រខ្មែរជាម្ចាស់ស្រុក ។
ក្រុងព្រៃឫស្សី ប្ដូរជា កឹងធើ
ឯ ខេត្តលង់ហោរ ប្ដូរខុសទំនុក
ទៅជា វិញឡុង ខ្មែរត្រូវចាំទុក
ខេត្តពាម យួនយកប្ដូរជា ហាតៀង ។
ដី ខេត្តមេស ប្ដូរជា មីថ កោះគង
ឈ្មោះល្អប្ដូរជា ហ្គហ្គុង
ខេត្តពីររួមមកហៅថា តៀងយ៉ាង
បារាជ ពង្វាងប្ដូរជា រ៉ាច់យ៉ា ។
ឯ ខេត្តផ្សារដែក យួនហៅ សាដែក
អូរកាប់ សង្វេគនិង ព្រះសួគ៌ា
យួនហៅ បារាវុងតាវ រួមគ្នា
ដូនណៃ កំព្រាប្ដូរជា ដុងណាយ ។
ខេត្តរោងដំរី ប្ដូរជា តីនិញ
ឯ កោះត្រល់ វិញយួនបានកាឡៃ
ហៅថា ភូក្វឹក ឥតមានសំចៃ
កោះត្រឡាច លៃប្ដូរជា កូងដាវ ។
ដីខ្មែរឈ្មោះខ្មែរតាំងពីដើមមក
យួនដណ្ដើមយកហើយប្ដូរឈ្មោះហៅ
ខ្មែរក្រោមគ្រប់រូបត្រូវប្រាប់កូនចៅ
ប្រវត្តិពង្សផៅយើងជាម្ចាស់ស្រុក ៕៚

 សហរដ្ឋអាមេរិក ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក
 ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែមករា គ. ស. ២០១៨

ជីវិតក្រោមរបបផ្ដាច់ការយួន

(កំណាព្យមេពាក្យ ៨)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) 

សំឡេងចាបយំនៅមាត់បង្អួច
ក្នុងចិត្តព្រឺព្រួចកួចនឹកភូមិស្រុក
កន្លែងមនោរម្យធ្លាប់ផ្ដល់ក្ដីសុខ
ឥឡូវមានទុក្ខនៅក្រោមនឹមយួន ។
ខ្ញុំព្រាត់មាតុភូមិជាយូរមកហើយ
រងទុក្ខឥតស្បើយព្រោះរដ្ឋការយួន
រំលោភសិទ្ធិខ្មែររងទុក្ខផ្ទួនៗ
ថ្ងៃណារួចខ្លួនខ្មែរមានសេរី ។
អ្នកនៅក្នុងស្រុកចុកទ្រូងខ្លោចផ្សា
របបផ្ដាច់ការជិះជាន់រាល់ថ្ងៃ
រស់ក្រោមនឹមយួនគ្មានសិទ្ធិហាស្ដី
ជីវិតឥតន័យលើដីដូនតា ។
សង្ឃឹមខ្មែរក្រោមចេះប្រើសិទ្ធិ៍ខ្លួន
ស្របតាមច្បាប់ក្បួនអន្តរជាតិចារ
ខ្មែរជាម្ចាស់ស្រុកម្ចាស់ព្រៃព្រឹក្សា
សម្រេចវាសនាខ្លួនដោយខ្លួនឯង ៕៚

 សហរដ្ឋអាមេរិក ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក
ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែមករា គ. ស. ២០១៨

ទង់ជាតិកម្ពុជាក្រោម

(កំណាព្យមេពាក្យ ៨)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ទង់បក់រវិចនៅលើអាកាស
មោទនភាពណាស់តំណាងខ្មែរក្រោម
សម្រស់ស្រស់ល្អ ខៀវ លឿង ក្រហម
ដាស់អស់ខ្មែរក្រោមឲ្យភ្ញាក់ស្មារតី ។
ពណ៌ខៀវតំណាងសិទ្ធិ៍សេរីភាព
ថ្លៃគ្មានអ្វីប្រៀបមិនអាចកាត់ថ្លៃ
ជានិមិត្តរូបនៃប្រជាធិបតេយ្យ
ខ្មែរក្រោមប្រុសស្រីប្រាថ្នាចង់បាន ។
ពណ៌លឿងតំណាងសន្តិភាពបវរ
ព្រមទាំងយុត្តិធម៌ជាធម៌ថ្កើងថ្កាន
ដែលជនខ្មែរក្រោមតាំងពីបុរាណ
ជាអ្នករាប់អានព្រះពុទ្ធសាសនា ។
ឯពណ៌ក្រហមតំណាងវីរភាព
ខ្មែរក្រោមស៊ូស្លាប់មិនស្ដាយសង្ខារ
ឲ្យជាតិខ្មែររស់ថ្កុំថ្កើងថ្លៃថ្លា
លើដីដូនតាកម្ពុជាក្រោមអឺយ ៕៚

សហរដ្ឋអាមេរិក ថ្ងៃអាទិត្យ ៦ រោច ខែបុស្ស ឆ្នាំ រកា
នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែមករា គ. ស. ២០១៨

ព្រះគុណ

(កំណាព្យមេពាក្យ ៩)

និពន្ធដោយ

 ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

 ព្រះគុណម៉ែព្រះគុណឪនៅកម្ពុជាក្រោម
 ខ្ពស់ឧត្តមសមឆើតឆោមលោមថ្លាថ្លៃ
 បុត្រកើតមកជាពន្លកយកជាតិថ្មី
 មាននិស្ស័យនៃពូជពង្សវង្សខ្មែរក្រោម ។
 បានយោនយកមកជាមនុស្សឈ្មោះថាក្រ
 ដោយបានធ្វើអំពើល្អបរិសុទ្ធិព្រម
 បានកើតមកពន្លកខ្ចីម្តាយថ្នាក់ថ្នម
 ដាស់អប់រំលោមឲ្យស្គាល់ច្បាប់ផលកម្ម ។
 កាលនៅតូចក្រូចឆ្នារពិតជិតចេះស្តី
 ម្តាយបមបីថ្លៃថ្លើមពៅឲ្យហៅតាម
 ថា «ម៉ែៗ» ត្រាតែមាត់ស្ទាត់ចំណាំ
 ភាសាខ្មែរកេរឧត្តមឆោមពណ្ណរាយ ។
 ព្រះគុណផែនដែនពសុធាជាមរតក
 កេរដូនតាឆ្ការទុកមកជ្រកអាស្រ័យ
 មិនរុករានទន្រ្ទានជ្រៀតជាតិដទៃ
 ខ្លាចអប្រិយក្ស័យកេរ្តិ៍ឈ្មោះយសកូនចៅ ។
 កម្ពុជាក្រោមឆោមឆើតថ្លៃដីសណ្ត
 មានដីស្រែកេរបវរអង្ករស្រូវ
 ព្រៃព្រឹក្សាច្បារដំណាំតាមរដូវ
 ច្រើនពេកកូវតម្រូវចិត្តជាតិខ្មែរក្រោម ។
 ព្រះគុណថ្លៃត្រៃរតនៈផ្សះផ្លូវចិត្ត
 ឲ្យល្អពិតគិតតែស្ងប់ភពបរម
 មានភ័ព្វព្រេងឈ្វេងពុទ្ធសាសន៍ច្បាស់ឧត្ដម
 ប្រតិបត្តិព្រមសូមកុសលផ្តល់សុខា ។
 ឈ្មោះជាតិខ្មែរនៅតែគង់វង្សអមតៈ
 ទាំងវប្បធម៌អក្សរសាស្ត្រនិងភាសា
 ជនស្រីប្រុសបានរស់រានមានសង្ខារ
 ព្រោះប្រតិបត្តិពុទ្ធសាសនាសត្យាក្រឹត្យ ។
 ព្រះឧបជ្ឈាយ៍ជាព្រះគុណធ្ងន់រឹតទ្វេ
 បំបួសសង្ឃអង្គសាមណេរខ្មែរក្រោមពិត
 មានបារមីនិស្ស័យស្មោះសវិសុទ្ធិ
 សូមក្រាបលុតហត្ថវន្ទាជាគារវៈ ។
 ភិក្ខុនេនមានគ្រប់វត្តអត់ធ្មត់រៀន
 នូវរបៀបក្បួនបាលីវិន័យព្រះ
 អក្សរខ្មែរកេរដូនតាត្រាបានច្បាស់
 ដោយសារព្រះបារមីនៃឧបជ្ឈាយ៍ ។
 ព្រះគុណគ្រូ ក-ខ កម្ររកណាស់
 ទាំងព្រះសង្ឃនិងគ្រហស្ថស្មោះគ្រប់គ្នា
 ជួយបង្រៀនរបៀនសព្វគ្រប់វិជ្ជា
 មិនទាមទារថ្លៃបៀវត្សកត់សំណង ។
 គ្រូបង្រៀនឲ្យរៀនចេះចំណេះថ្លៃ
 ទាំងអក្សរខ្មែរប្រពៃថ្លៃកន្លង
 និងដីកាសាសនាពុទ្ធពិតចម្បង
 ល្អផូរផង់តម្រង់ផ្លូវទៅរកសុខ ។
គ្រូប្រាយប្រាប់ផ្លូវបាបបុណ្យនិងគុណទោស
ឲ្យសាងល្អធម៌ខ្ពង់ខ្ពស់រស់បានសុខ
លះបាបកម្មដែលនាំខ្លួនចួនជួបទុក្ខ
ត្រូវយកគុណស្រាលធ្ងន់មកទុកក្នុងចិត្ត ។
គ្រូបង្រៀនប្រៀនប្រដៅផ្លូវជិតឆ្ងាយ
 ដែលត្រូវដើរលើវិថីនៃជីវិត
 ត្រូវតស៊ូប្ដូរកម្លាំងប្រឹងអត់ធ្មត់
 ទើបជីវិតពិតជោគជ័យថ្លៃបវរ ។
 គ្រូបង្គាប់តែងកាព្យចួនក្បួននិពន្ធ
 ជាកំណាព្យរៀបរៀងឆន្ទឲ្យបានល្អ
 ដើម្បីចារសារគំនិតគិតឃើញល្អ
 ឲ្យអ្នកអានបានបវរប្ដូរសង្គម ។
 គ្រូបណ្ដុះព្រោះពូជពង្សវង្សអ្នកជាតិ
 ជាកូនខ្មែរកេរ៉ិ៍ឈ្មោះស្អាតជាតិឧត្ដម
 ឲ្យស្នេហារក្សាជាតិញាតិមូលជុំ
 ដែនមនោរម្យកម្ពុជាក្រោមឆោមបវរ ។
 ព្រះគុណធ្ងន់ពន់ពេកក្រៃបាយបាត្រញាតិ
 ញោមបរិស័ទស្អាតបរិសុទ្ធចិត្តស្មោះស
 ខំទំនុកទុកបម្រុងក្នុងចិត្តធម៌
 ដាក់បាត្រសង្ឃទ្រង់មកឈរនៅមុខផ្ទះ ។
 បាយសម្លដាំស្លឆ្អិនមិនហ៊ានឆី
 ដោះបាយក្ដៅនៅថ្មោងថ្មីលៃរូតរះ
 ដាក់បាត្រលោកមកទ្រង់បាត្រដោយគារវៈ
 សូមសុខៈប្រាសចាកទុក្ខរោគទាំងឡាយ ។
 ព្រះសង្ឃឆាន់ចង្ហាន់បាត្រស្អាតបរិសុទ្ធ
 ខំតាំងចិត្តអត់ធ្មត់រៀនរបៀនថ្លៃ
 ទាំងថ្ងៃយប់ស៊ប់ចិត្តរៀនក្បួនបាលី
 ជាភាសាសាសនាថ្លៃនៃព្រះពុទ្ធ ។
 បាយបាត្រថ្លៃនៃបរិស័ទនិងញាតិញោម
 បានឧបត្ថម្ភគាំទ្រសង្ឃប្រឹងរៀនសូត្រ
 អក្សរខ្មែរកេរដូនតាអស្ចារ្យពិត
 ដែលព្រេងព្រឹទ្ធគិតរក្សាចារទុកមក ។
 គុណបាយបាត្រស្អាតហ្មត់ហ្មងសង្ឃភោក្ដា
 ខំសិក្សាដីកាព្រះត្រាស់ទុកមក
 ហើយប្រតិបត្តិកំចាត់បង់លំអងរោគ
 ចិត្តអកុសលដែលផ្ដល់សោកទុក្ខឥតស្រាន្ត ។
 ហើយស្មឹងស្មាធិ៍ប្រតិបត្តិធម៌ល្អបរិសុទ្ធ
 ដែលព្រះពុទ្ធវិសុទ្ធិត្រាស់ដាស់ទូន្មាន
 ឲ្យប្រតិបត្តិហាត់ចិន្ដាត្រាដល់ឋាន
 ស្ងប់រម្ងាប់ស៊ប់និព្វានឋានសុខា ។
 ឆាន់បាយបាត្រឱហាតរៀនគ្មានទំនេរ
 តាមគម្ពីរបាលីប្រែខ្មែរបានចារ
 ហើយអធិប្បាយខៃសេចក្ដីលៃទេសនា
 ឲ្យបរិស័ទកើតបញ្ញាប្រាជ្ញាញាណ ។
 គុណវត្តវ៉ាអស្ចារ្យក្រៃថ្លៃអនគ្ឃ
 ជាពំនាក់សំណាក់សង្ឃទ្រង់បួសរៀន
 និងជាទីនៃបរិស័ទមកធ្វើទាន
 សន្សំបុណ្យបង្កើនញាណស្ពានអារ្យៈ ។ (អានថា៖ អារ-យៈ មកពី អរិយៈ)
 វត្តគឺជាសាលារៀនបង្រៀនធម៌
 ឲ្យធ្វើល្អដើរឲ្យត្រូវផ្លូវសច្ចៈ
 តាមបន្ទូលមូលដីកាព្រះពុទ្ធត្រាស់
 មានវឌ្ឍនៈប្រទះសុខទុក្ខរសាយ ។
 គ្រូជាសង្ឃបង្ហាត់សិស្សឲ្យចេះស្ទាត់
 អក្សរខ្មែរកេរព្រេងព្រឹទ្ធឥតនឿយណាយ
 និងសង្វាតពត់ឲ្យសិស្សចេះនិយាយ
 ភាសាខ្មែរកេរពណ្ណរាយថ្លៃបវរ ។
 វត្តជាឃ្លាំងតាំងវប្បធម៌ព្រលឹងជាតិ
 មានក្បូរក្បាច់រចនាបទ្មវិចិត្រល្អ
 ពុទ្ធសាសនាស្ដារចិត្តខ្មែរប្រែស្មោះស
 មានអក្សរល្អថ្លៃថ្លាភាសាសាស្ត្រ ។
 មានគម្ពីរត្រៃបិដកទុកតម្កល់
 ច្បាប់ក្រឹត្យក្រមអប់រំផ្ដល់ដល់ក្មេងចាស់
 ឲ្យសិក្សាស្ដារសីលធម៌បានល្អល្អះ
 មានសិល្បៈដាស់កម្សាន្តពេលបុណ្យទាន ។
 វត្តគឺជាសញ្ញលក្ខណ៍បញ្ជាក់ដល់
 ជនបរទេសរិះឈ្វេងយល់ស្គាល់វត្តមាន
 ជាតិខ្មែរក្រោមលោមម្ចាស់ដីពីបុរាណ
 មានចិត្តធម៌ល្អក្សេមក្សាន្តសន្ដានស្មោះ ។
 គុណនេះហើយឲ្យខ្មែរក្រោមឆោមពិសិដ្ឋ
 បានរស់រានមានជីវិតឋិតអមតៈ
 មានកេរ៉ិ៍ឈ្មោះខ្ពស់ឧត្ដមសមឥតខ្ចោះ
 ជនស្រីប្រុសរស់ថ្កុំថ្កើងរុងរឿងហោង ៕

 ......................

 ស្រង់ចេញពីសៀវភៅកំណាព្យ "ខ្លួនទីពឹងខ្លួន"

Tuesday, May 26, 2020

ខ្លួនទីពឹងខ្លួន

(កំណាព្យមេពាក្យ ៤ បទកាកគតិ)

និពន្ធដោយ

ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ខ្លួនទីពឹងខ្លួន
ខ្មែរក្រោមសព្វថ្ងៃ
រស់រងទុក្ខភ័យ
រីងរៃជីវិត
ក្រោមរបបយួន
បាត់បង់អស់សិទ្ធិ៍ 
យួនគាបសង្កត់ 
ទុក្ខឥតស្រាន្តស្រាក ។ 
សង្ឃឹមសាសន៍គេ 
ជួយថ្នាក់ថ្នមថែ 
កាន់តែលំបាក 
គេចងពិឃាត
វាយដំទាត់ធាក់ 
ដាក់គុកច្រវាក់ 
ឥតត្រាប្រណី ។ 
នៅក្រោមនឹមយួន 
រងទុក្ខផ្ទួនៗ 
គ្មានសិទ្ធិ៍ហាស្ដី 
ខ្លួនជាម្ចាស់ស្រុក 
ជាម្ចាស់ទឹកដី 
ត្រូវយួនកាឡៃ 
ជាជាតិភាគតិច ។ 
អ្នកនៅក្នុងស្រុក 
បានត្រឹមបៀមទុក្ខ 
ពេលឃើញយួនក្ដិច 
យួនបិទសំឡេង 
យួនជាន់ពន្លិច 
ឲ្យខ្មែរក្រោមលិច 
លង់ក្នុងអន្ធកា ។ 
អំពើរើសអើង 
តែងតែកើតឡើង 
លើជាតិសាសនា 
ខ្មែរក្រោមគ្រប់រូប 
រងទុក្ខខ្លោចផ្សា 
បើហ៊ានតវ៉ា 
នឹងត្រូវប្រល័យ ។ 
អ្នកនៅបរទេស 
ដែលមានចំណេះ 
ប្រាជ្ញាវាងវៃ
បង្កើតចលនា 
ទាមទារសេរី 
ជាម្ចាស់ទឹកដី 
ជូនខ្មែរក្រោមពិត ។
ខ្លួនទីពឹងខ្លួន 
កម្លាំងមាំមួន
ត្រដាងការពិត
ប្ដឹងរដ្ឋការយួន
រឿងរំលោភសិទ្ធិ៍ 
ឲ្យអន្តរជាតិគិត
បញ្ហាខ្មែរក្រោម ។
សហព័ន្ធខ្មីឃ្មាត 
បង្កើតទង់ជាតិ 
ខៀវលឿងក្រហម
លើកឡើងព្រោងព្រាត
តំណាងខ្មែរក្រោម
សាមគ្គីរួបរួម 
ចូលសហប្រជាជាតិ ។
ថ្លែងការណ៍ផ្ទួនៗ 
ពីបទដែលយួន 
រុកកួនធ្វើឃាត 
លើជាតិខ្មែរក្រោម 
នៅសហប្រជាជាតិ
ឲ្យអន្តរជាតិ 
ជួយរកយុត្តិធម៌ ។
ខ្មែរក្រោមក្នុងស្រុក 
កុំដេកកើតទុក្ខ
ត្រូវចេះត្រដរ 
ចេះប្រើសិទ្ធិ៍ខ្លួន 
ការពារវប្បធម៌ 
ជាតិនឹងបវរ 
ប្រសើរថ្លៃថ្លា ។
ត្រូវតែក្លាហាន 
ធ្វើតាមលំអាន 
នៃច្បាប់មាត្រា 
សិទ្ធិជនជាតិដើម 
ដែលយូអិន (UN) ចារ 
ហើយយួនសន្យា
ថាត្រូវអនុវត្ត ។
មាត្រាទីបី
បានចែងអំពី
សិទ្ធិស្វយ័ត
សម្រេចវាសនា
ខ្លួនឯងប្រាកដ
ខ្មែរក្រោមកំណត់
វាសនាខ្លួនឯង ។
សិទ្ធិ៍ដ៏អស្ចារ្យ
សម្រេចវាសនា
ខ្លួនដោយខ្លួនឯង
នឹងកើតមានដល់
ខ្មែរក្រោមជាក់ស្ដែង
 ដែលចេះប្រឹងប្រែង
ប្រើប្រាស់សិទ្ធិ៍ខ្លួន ។
ពេលខ្មែរក្រោមអាច
ប្រើសិទ្ធិ៍អំណាច
ជាតិនឹងមាំមួន
ធ្វើជាម្ចាស់ស្រុក
ម្ចាស់វាសនាខ្លួន
បានផុតនឹមយួន
តរៀងទៅហោង ៕៚

ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃអាទិត្យ
១០ រោច ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព. ស. ២៥៦៣ ត្រូវនឹងថ្ងៃ
ទី ១៩ ខែមករា គ. ស. ២០២០