Thursday, May 28, 2020

កូនកំព្រា

(កំណាព្យមេពាក្យ ៩)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

កូនកំព្រាព្រាត់ឪពុកទុក្ខរីងរៃ
កូនកំព្រាឃ្លាតម្តាយថ្លៃបីនែបនិត្យ
កូនកំព្រារស់រងកម្មត្រាំជីវិត
កូនកំព្រាចង់នែបនិត្យជិតមេបា ។
ម្តាយនៅរស់ត្រឹមតែកាយក្ស័យវិញ្ញាណ
ម្តាយនៅរស់ឈ្មោះជាស្ពានយានបច្ចា
ម្តាយនៅរស់អស់បេះដូងយោងសង្ខារ
ម្តាយនៅរស់ក្សោះកាយាលែងហាស្តី ។
ឪមិនស្លាប់ជាប់នឹងជង់អន្លង់កាម
ឪមិនស្លាប់ងប់ដិតដាមស្រាំស្មារតី
ឪមិនស្លាប់ងប់តណ្ហាស្រវាស្រី
ឪមិនស្លាប់ចាប់បុត្រថ្លៃលៃតម្រេក ។
កូនទុក្ខធំយំយែករកលោកមេបា
កូនទុក្ខធំខំស្រវារកបង្អែក
កូនទុក្ខធំក្រំជីវិតចិត្តសង្វេគ
កូនទុក្ខធំខំប្រឹងស្រែករែកឃ្នាងខ្នោះ ។
ប្រឹងរត់រកលោកមេបាការពារពង្ស
ប្រឹងរត់រកជ្រកកាយអង្គប្រុងរួមរស់
ប្រឹងរត់រកពុកម៉ែឯងក្រែងផុតគ្រោះ
ប្រឹងរត់រកលោកបង់បោះគ្រោះដល់ស្លាប់ ។
ពេលដឹងខ្លួនពួនឱបទុក្ខពុកជាប់ទ្រុង
ពេលដឹងខ្លួនម្តាយជាប់ជង់ក្នុងភក់ល្បាប់
ពេលដឹងខ្លួនបេះដូងស្វិតចិត្តកកខាប់
ពេលដឹងខ្លួនពុកម៉ែស្លាប់ជាប់ចំណង ។
តាំងចិត្តថាស្រវារៀនរបៀនថ្លៃ
តាំងចិត្តថាស្តារស្មារតីឲ្យផូរផង
តាំងចិត្តថាសាងជីវិតផុតសៅហ្មង
តាំងចិត្តថាយាត្រាត្រង់គង់រុងរឿង ៕៚

........................................

អត្ថបទនេះ បាននិពន្ធនៅក្នុងឆ្នាំ ២០០៧ ឆ្លុះបញ្ចាំងពីស្ថានភាពនយោបាយ នៅប្រទេសកម្ពុជា បានចាប់ផ្សឹក ព្រះតេជព្រះគុណ ទឹម សាខន ជាព្រះសង្ឃខ្មែរ ក្រោម នៅប្រទេសកម្ពុជាឲ្យទៅរដ្ឋាភិ បាលយួនដាក់គុកយ៉ាងសាហាវ ។ ព្រះសង្ឃ ខ្មែរក្រោម ដែលបានប្រជុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូត យួន នាទីក្រុងភ្នំពេញ ដើម្បី ទាមទារឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ក៏ត្រូវក្រុម ប៉ូលិសខ្មែរដេញវាយសំពងឥតត្រាប្រណី ។  

No comments:

Post a Comment