ក្នុងឱកាសគម្រប់ខួប ៧ ថ្ងៃនៃព្រឹត្តិការណ៍ ២២ វិច្ឆិកា
សូមឧទ្ទិសកំណាព្យនេះដល់ជនរងគ្រោះទាំងឡាយដែល
បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏អាក្រក់មួយនេះ
និងសូមបួងសួងឲ្យអ្នកទាំងឡាយឆាប់បានទៅចាប់
បដិសន្ធិក្នុងទីដ៏សមគួរ ។
កោះពេជ្រម្តេចអ្នកមិនចេញស្តី
តើខឹងរឿងអ្វីទើបបញ្ជា
ឲ្យស្ពានប្រល័យក្ស័យជន្មា
ជីវិតប្រជាជាតិខេមរា ។
ស្ពានពេជ្រអ្នកគ្មានវិញ្ញាណទេ
តែកាចខុសគេហ៊ានប្រហារ
ត្របាក់ជីវិតឥតមេត្តា
កាត់ផ្តាច់សង្ខារទាំងត្រដរ ។
ស្ពានពេជ្រឈ្មោះអ្នកសែនពិរោះ
តែចិត្តទុរយសជាឃាតក
សម្លាប់ជាតិខ្មែរយ៉ាងអមនុស្សធម៌
លែងយល់ខ្មៅសល្អអាក្រក់ ។
ស្ពានពេជ្រតើអ្នកត្រូវការអ្វី
បានហ៊ានប្រល័យទាំងដង្ហក់
ផ្ដាច់ផ្ដិលជីវិតប្តូរយកប្រាក់
ឬក៏ខ្លួនអ្នកធ្វើតាមគេ ។
ស្ពានពេជ្រអ្នកឃោរឃៅខ្លាំងណាស់
ឲ្យមនុស្សក្មេងចាស់ទុក្ខឥតល្ហែ
ស្រក់ទឹកនេត្រាទុក្ខរឹតទ្វេ
ទុក្ខព្រាត់កូនម៉ែឪពុកថ្លៃ ។
ស្ពានពេជ្រអ្នកដឹងរឿងរ៉ាវពិត
បើអ្នកមិនគិតជួយបកស្រាយ
ប្រាប់ឈ្មោះឃាតកខ្មែរប្រុសស្រី
យើងហៅឈ្មោះថ្មី "ស្ពានមរណៈ" ៕៚
ទីក្រុងបាងកក, ប្រទេសថៃ ថ្ងៃទី ២៩ ខែវិច្ឆិកា
គ. ស. ២០១០ ព. ស. ២៥៥៤
................................
និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)
No comments:
Post a Comment