Thursday, May 28, 2020

កវី

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

កវីគឺជានាវាផ្ទុកវោហារ          
ឬជាអ្នកបញ្ជូនសារអាថ៌កំបាំង 
កកាយប្រាយប្រាប់មនុស្សគ្មានលាក់បាំង 
ឬជាកញ្ចក់បញ្ចាំងផ្ទាំងជីវិត ។
កវីគឺជាអ្នកស្រមើស្រមៃ 
រាល់យប់ថ្ងៃដងប៉ាកកាគឺជាមិត្ត 
យកក្រដាសកាសធម្មជាតិឲ្យចូលជិត 
មកនែបនិត្យរួមស្នេហស្និទ្ធនឹងមនុស្សា ។ 
កវីគឺជាសួនផ្កាចម្រុះពណ៌ 
បញ្ចេញសម្រស់ស្រស់ល្អគួរទស្សនា 
អ្នកមានកង្វល់ខ្វាយខ្វល់ក្នុងចិន្តា 
បានទតហើយក្នុងឱរាស្បើយទុក្ខភ័យ ។ 
កវីគឺជាថ្នាលបណ្តុះសត្យារម្មណ៍ 
ជនគ្រប់ឋានានុក្រមប្រុសឬស្រី 
បានយល់ហើយដុះគំនិតដូចកវី 
សម្រិតសម្រាំងជាថ្មីន័យជីវិត ។ 
កវីគឺជាគ្រូវេទមន្តដ៏មហិមា 
អាចកាឡាខ្លួនទៅជាមារមានឫទ្ធ 
ជារាហូមានអំណាចដោយនិមិត 
ចាប់អង្អែលថើបស្នេហ៍ស្និទ្ធរឹតចន្ទថ្លៃ ។ 
កវីគឺជាវិចិត្រករដៃឯក 
និពន្ធរឿងរ៉ាវចម្លែកក្នុងលោកីយ៍ 
ទៅជាផ្ទាំងគំនូរដ៏ស្រស់ប្រិមប្រិយ 
អ្នកយល់ន័យនឹងសើចជួនទឹកនេត្រា ។ 
កវី !កវី ! ជាស្ពានមេត្រីនៃបេះដូង 
តែងចម្រៀងស្នេហ៍ផ្ដោះផ្ដងក្រងស្នេហា 
ដោយសម្តីសំដៅសំនួនចួនវោហារ 
ជាចំណីនៃសោតាចិន្ដាមនុស្ស ៕៚

អត្ថបទនេះ បាននិពន្ធនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ឆ្នាំ ២០១០

.........................................

ពន្យល់ពាក្យ
កវី [អានថា] កៈ-វ៉ី សំ. បា. ( ន. ) (កវី) អ្នកប្រាជ្ញដែលចេះតែងឆន្ទ, កាព្យឃ្លោង (អ្នកប្រាជ្ញខាងសំដី) ។ កវីនិពន្ធ [អានថា] កៈ-វ៉ី និពន់ បា. ( ន. ) (កវិ + និពន្ធ) កវីជាអ្នកនិពន្ធ, អ្នកនិពន្ធខាងកាព្យឃ្លោង ។ ឆន្ទ [អានថា] ឆ័ន សំ. បា. ( ន. ) ឈ្មោះដំណើរកាព្យមានកំណត់ដោយអក្សរដែលត្រូវរៀបរៀង ... ។ (វចនានុក្រមខ្មែរ—សម្តេចព្រះសង្ឃរាជ ជួន ណាត)

No comments:

Post a Comment