Thursday, May 28, 2020

ពូជមាន់ជល់

(កំណាព្យមេពាក្យ ៩)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ពូជអណ្ឌៈ ញាស់ពីមាន់មេតែមួយ
កើតទុក្ខព្រួយកូនមួយគ្រករកជល់គ្នា
ភ្លេចសម្បុកស៊កចំបើងទ្រាប់ពងភ្ងា
ផ្គាប់ម្ចាស់ថ្មីចិត្តពាលាជាសត្រូវ ។
ម្ចាស់ចិញ្ចឹមត្រឹមទុកជល់ភ្នាល់ចំណេញ
ឲ្យចំណីឆីឥតម្នេញវេញតម្រូវ
ទទះស្លាបជាប់ក្នុងជាលពាលពេកកូវ
ប្រឹងរងាវស្ទាវរងើមិនពើស្លាប់ ។
គំនិតណោតឆោតឆៅឆេវរងាវកាយ
សម្រួចខ្នាយកាយសម្ញែងរែងសណ្តាប
ភ្លេចផៅពងក្នុងសម្បុកគ្រកមេក្រាប
ជល់ដល់ស្លាប់ដាបលោហិតដិតធរណី ។
កិច្ចសម្រេចស្រេចតែម្ចាស់ខ្ទះរងចាំ
ទឹកក្តៅដាំត្រាំអានាងលាងឆាខ្ញី
ជាអាហារ ការលៀងភ្ញៀវឆែវមេត្រី
ជីវិតស្លាប់អាប់ឥតន័យក្ស័យកិត្តិយស ៕៚

ថ្ងៃសៅរ៍ ១៣ កើត ខែចេត្រ ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៤
ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ. ស. ២០១១

No comments:

Post a Comment