Wednesday, May 27, 2020

វត្តមជ្ឈិមារាម (កណ្ដាល) ជាថ្នាលជាតិសាសនា

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

មជ្ឈិមារាម ហៅ វត្តកណ្ដាល       
មានអាយុកាលប្រាំពីររយឆ្នាំ
ធ្វើបុណ្យខួបវត្តដ៏ធំ                   
កត់ចំណាំនូវសមិទ្ធផលថ្មី
សម្ពោធខ្លោងទ្វារ និង ចេតិយ  បណ្ណាល័យ
និងសាលាធម្មសភា ។
ព្រមទាំងឆ្លងបង្គោលទង់             
ហើយនឹងរបងព័ទ្ធជាដែនសីមា
អគារមានក្បាច់រចនា                 
ជាតិខេមរាជាស្នាដៃកូនខ្មែរ
ដែលខំប្រឹងរក្សាថែ                   
ឲ្យជាតិខ្មែរបានគង់វង្សល្បីសុសសាយ ។
មួយពាន់បីរយដប់ប្រាំពីរ    (គ. ស.១៣១៧)         
បរិស័ទមូលមីរសាមគ្គីព្រួតដៃ     
បង្កើតជាវត្តថ្លាថ្លៃ                     
ទុកជាទីបំពេញបុណ្យសុន្ទរ៍ទាន
នៅក្នុងស្រុកកំពង់ស្ពាន               
ជាភូមិឋាននៃដីខេត្តព្រះត្រពាំង ។
ពុទ្ធបរិស័ទចំណុះជើងវត្ត           
គោរពប្រតិបត្តិព្រះធម៌ដោយផ្ចិតផ្ចង់
ដាក់បាត្រចិញ្ចឹមព្រះសង្ឃ           
លោកទ្រទ្រង់ព្រះពុទ្ធសាសនា
បង្រៀន និងបើកសាលា             
ឲ្យសិក្សាអក្សរសាស្ត្រ នៃជាតិខ្មែរ ។
មាន់រងាវរដូវកាន់បិណ្ឌ               
ព្រះសង្ឃស្រែបុណ្យសូត្របរាបាលីប្រែ
សូររងំក្រោមពន្លឺខែ                   
ដាស់អស់ខ្មែរឲ្យរូតរះទៅវត្ត
ចូលឆ្នាំខ្មែរតាមកំណត់               
លេងទាញព្រ័ត្របោះឈូងល្បែងប្រជាប្រិយ ។
ពេលរសៀលឮសូររគាំង           
ព្រះសង្ឃគ្រប់អង្គនមស្ការរត្នត្រ័យ
ចម្រើនមេត្តាធម៌ថ្លៃ                   
ឲ្យលោកីយ៍បានសុខក្សេមក្សាន្ត
ជាតិខ្មែរកាន់ធម៌គ្រប់ប្រាណ       
បានសុខសាន្តថ្កើងថ្កានតរៀងទៅអឺយ ៕៚

...........................................

កំណាព្យនេះ អាត្មាបាននិពន្ធ និងបានផលិតជាបទចម្រៀងសម្រាប់ផ្សព្វ ផ្សាយតាមរយៈអិនធើណិត ស្របពេលដែល វត្តមជ្ឈិមារាម (កណ្ដាល) ជាវត្ត កំណើតរបស់អាត្មា ធ្វើបុណ្យខួបវត្តគម្រប់ ៧០០ ឆ្នាំ (១៣១៧-២០១៧) ។

បទនេះ អាត្មាបានឲ្យ លោក ណូយ វ៉ាន់ ណេត និង អ្នកស្រី អឿន ស្រីមុំ ជាតារាចម្រៀងនៅប្រទេស កម្ពុជា ជាអ្នកច្រៀង និងថតនៅឆ្នាំ ២០១៨ ដោយ វុធថា ស្ទូឌីយោ  ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។

No comments:

Post a Comment