Thursday, May 28, 2020

ឆ្នាំថ្មីនឹកកម្ពុជាក្រោម

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

 ខែចេត្រចូលឆ្នាំចាំមិនភ្លេច
ថ្ងៃចាំងព្រិចៗនៅជើងភ្នំ
ក្នុងព្រៃរៃទួញសូររងំ
ហាក់ដាស់ចិត្តខ្ញុំលោមនឹកស្រុក ។
ជាច្រើនឆ្នាំហើយឃ្លាតភូមិឋាន
កន្លែងដែលបានផ្តល់ក្តីសុខ
ខានយល់ភក្ត្រាម្តាយឪពុក
អ្នកមានបន្ទុកធ្ងន់ក្រាស់ក្រៃ ។
ឆ្នាំថ្មីឆ្នាំនេះស្រណោះណាស់
ម្តាយនៅឯផ្ទះនឹកកូនក្រៃ
បួងសួងទេវតាសូមសេរី
ជូនខ្មែរប្រុសស្រីបានសុខសាន្ត ។
នឹកវត្តអារាមដាមក្នុងចិត្ត
អាល័យដល់មិត្តភក្តិ៍ធ្លាប់បាន
ទៅលេងក្នុងវត្តមិនដែលខាន
ចូលឆ្នាំសង្ក្រាន្តជាតិខ្មែរក្រោម ។
ចូលឆ្នាំម្ដងៗសប្បាយក្រៃ
បងប្អូនប្រុសស្រីមកជួបជុំ
នៅក្នុងអារាមឋានឧត្ដម
ធ្វើបុណ្យសន្សំសុខក្សេមក្សាន្ត ។
សិទ្ធិសេរីភាពលើក្តារជ្រញ់
កាំបិតប្រដេញទុក្ខឥតស្រាន្ត
សុខបានបន្តិចយួនក្តិចច្រាន
ឲ្យខ្ញុំឃ្លាតប្រាណពីញាតិកា ។
ឃ្លាតផ្ទះសម្បែងរែងកំសត់
ឆ្ងាយអារាមវត្តសែនកំព្រា
ព្រាត់ប្រាសពុកម៉ែសែនរងា
រស់នៅឯកាឆ្ងាយមាតុភូមិ ។
ធ្វើម្ដេចរូបខ្ញុំជាកូនប្រុស
កើតមកមានឈ្មោះពូជខ្មែរក្រោម
ជាតិរងទុក្ខសោករោគសង្គម
អាណានិគមយួនជិះជាន់ ។
ឆ្នាំថ្មីឆ្នាំក្រោយយើងជួបគ្នា
ឆ្នាំនេះវាសនាយើងមិនទាន់
មានសិទ្ធិម្ចាស់ការខ្លួនគ្រប់គ្រាន់
ជួបគ្នាក៏បានត្រឹមរីងរៃ ។
ឆ្នាំនេះបានត្រឹមតែជូនពរ
ដល់អ្នកមានធម៌និងថ្លើមថ្លៃ
ទាំងប្រជាខ្មែរក្រោមប្រុសស្រី
បានសុខសួស្តីសេរីហោង ៕៚

No comments:

Post a Comment