Wednesday, May 27, 2020

ជីវិតព្រះសង្ឃទ្រទ្រង់ជាតិសាសនា

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ពេលខ្ញុំពេញវ័យពុកម្ដាយបាននាំ
ទៅថ្វាយបង្គំទូលសូមព្រះសង្ឃ (២ ដង)
ធ្វើជាសេក្ខវត្តប្រតិបត្តិតម្រង់
ចរិយាឲ្យត្រង់គន្លងសាសនា
រៀនអក្សរជាតិសង្វាតធម៌អាថ៌
ស្រវាវិជ្ជា ។
នៅពេលខ្ញុំបួសម្ដាយអ្នកទូលត្រ័យ
ចិត្តសប្បាយក្រៃគ្មានអ្វីគណនា (២ ដង)
បានបួសជាសង្ឃមាតាបិតា
គោរពវន្ទាដោយសទ្ធាស្មោះ
ព្រោះសង្ឃឹមថាកូនបានរំដោះ
ពីគ្រោះអវិជ្ជា ។
ពេលបួសថ្មីៗសំភីរៀនធម៌
រៀនទាំងអក្សរពីគ្រូអាចារ្យ (២ ដង)
មានតែវត្តទេដែលជាសាលា
ឲ្យខ្ញុំសិក្សាអក្សរសាស្ត្រខ្មែរ
លោកគ្រូដឹកនាំអប់រំកែប្រែ
បង្វែរវាសនា ។
មួយរោចពិសាខពុទ្ធសករាជថ្មី
គ្រប់វត្តឃ្មាតខ្មីលៃបើកសាលា (២ ដង)
ថ្នាក់ពុទ្ធិកវិទ្យាល័យសិក្សា
ខ្ញុំបង្គំលាចៅអធិការវត្ត
លាឪពុកម្ដាយព្រមទាំងបរិស័ទ
ចេញទៅសិក្សា ។
ចំណេះរបៀនរៀនចេញពីវត្ត
ដោយសារបរិស័ទដាក់បាត្រអាហារ (២ ដង)
មានគ្រូស្ម័គ្រចិត្តបង្រៀនវិជ្ជា
ផ្ដល់ពន្លឺប្រាជ្ញាទ្រព្យាថ្លាថ្លៃ
ធ្វើឲ្យជាតិខ្មែរគង់វង្សសព្វថ្ងៃ
នៅកម្ពុជាក្រោម ៕៚

ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក
ថ្ងៃសៅរ៍ ១ កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព. ស. ២៥៦១
ត្រូវនឹងថ្ងៃទី ១៧ ខែមីនា គ. ស. ២០១៨

.............................

កំណាព្យនេះ អាត្មាបាននិពន្ធ និងបានផលិតជាបទចម្រៀង សម្រាប់ផ្សព្វ ផ្សាយតាមរយៈបណ្ដាញសង្គម Facebook និង Youtube អំពីប្រពៃណីការ បួសរៀននៅដែនដីកម្ពុជាក្រោម  ។ បទនេះ អាត្មាបានឲ្យ លោក ណូយ វ៉ាន់ ណេត ជាតារាចម្រៀងនៅ ប្រទេសកម្ពុជា ជាអ្នកច្រៀង និងថតដោយ វុធថា ស្ទូឌីយោ  ដែលមានទីតាំងនៅ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។

No comments:

Post a Comment