Wednesday, May 27, 2020

ដំណែងខ្យល់

(កំណាព្យមេពាក្យ ៩)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ដំណែងខ្យល់ គេផ្ដល់ឲ្យ ដោយកិត្តិយស
ជូនដល់មនុស្ស ស្មោះនឹងជាតិ ឆ្លៀតការងារ
 ស្ម័គ្រធ្វើការ ស្ដារសង្គម គ្រប់វេលា
 ឥតរួញរា មិនទាមទារ បៀវត្សឡើយ ។
 ដំណែងខ្យល់ បានផលអ្វី ថ្លៃមកខ្លួន
 ទើបនឹងនួន ស្ងួនខំជល់ ទាល់ត្រាណត្រើយ
 ដាច់ខ្យល់ស្លាប់ ដាបលោហិត ឥតល្ហែល្ហើយ
 ទុក្ខគ្មានស្បើយ អស់ដីហើយ មិនភ្ញាក់ខ្លួន ។
 ដំណែងខ្យល់ គេផ្ដល់ឲ្យ ដោយយល់ថា
 អ្នកស្នេហា ជាតិប្រជា ធំជាងខ្លួន
 ខំធ្វើការ  យ៉ាងខ្លាំងក្លា ត្រាតែស្ងួន
 ភ្លេចគិតខ្លួន  ធួនគ្រួសារ ស្ដាររឿងជាតិ ។
 ផ្ទុយទៅវិញ គិតមិនចេញ ជ្រេញនិម្មល
 បានងារខ្យល់ ខ្វល់តែជល់ ពុលអំនួត
 ខាំគ្នាឯង ប៉ុន្មាននាក់ ស្ម័គ្រជាញាតិ
 ប្រឹងតែឆ្លៀត វិវាទគ្នា ងារបានអ្វី ? ៚

 ថ្ងៃសៅរ៍ ១៣ កើត ខែមាឃ ឆ្នាំ មមែ សប្ដស័ក
ព. ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ គ. ស. ២០១៦

No comments:

Post a Comment