Wednesday, May 27, 2020

ព្រះគុណ

(កំណាព្យមេពាក្យ ៩)

និពន្ធដោយ

 ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

 ព្រះគុណម៉ែព្រះគុណឪនៅកម្ពុជាក្រោម
 ខ្ពស់ឧត្តមសមឆើតឆោមលោមថ្លាថ្លៃ
 បុត្រកើតមកជាពន្លកយកជាតិថ្មី
 មាននិស្ស័យនៃពូជពង្សវង្សខ្មែរក្រោម ។
 បានយោនយកមកជាមនុស្សឈ្មោះថាក្រ
 ដោយបានធ្វើអំពើល្អបរិសុទ្ធិព្រម
 បានកើតមកពន្លកខ្ចីម្តាយថ្នាក់ថ្នម
 ដាស់អប់រំលោមឲ្យស្គាល់ច្បាប់ផលកម្ម ។
 កាលនៅតូចក្រូចឆ្នារពិតជិតចេះស្តី
 ម្តាយបមបីថ្លៃថ្លើមពៅឲ្យហៅតាម
 ថា «ម៉ែៗ» ត្រាតែមាត់ស្ទាត់ចំណាំ
 ភាសាខ្មែរកេរឧត្តមឆោមពណ្ណរាយ ។
 ព្រះគុណផែនដែនពសុធាជាមរតក
 កេរដូនតាឆ្ការទុកមកជ្រកអាស្រ័យ
 មិនរុករានទន្រ្ទានជ្រៀតជាតិដទៃ
 ខ្លាចអប្រិយក្ស័យកេរ្តិ៍ឈ្មោះយសកូនចៅ ។
 កម្ពុជាក្រោមឆោមឆើតថ្លៃដីសណ្ត
 មានដីស្រែកេរបវរអង្ករស្រូវ
 ព្រៃព្រឹក្សាច្បារដំណាំតាមរដូវ
 ច្រើនពេកកូវតម្រូវចិត្តជាតិខ្មែរក្រោម ។
 ព្រះគុណថ្លៃត្រៃរតនៈផ្សះផ្លូវចិត្ត
 ឲ្យល្អពិតគិតតែស្ងប់ភពបរម
 មានភ័ព្វព្រេងឈ្វេងពុទ្ធសាសន៍ច្បាស់ឧត្ដម
 ប្រតិបត្តិព្រមសូមកុសលផ្តល់សុខា ។
 ឈ្មោះជាតិខ្មែរនៅតែគង់វង្សអមតៈ
 ទាំងវប្បធម៌អក្សរសាស្ត្រនិងភាសា
 ជនស្រីប្រុសបានរស់រានមានសង្ខារ
 ព្រោះប្រតិបត្តិពុទ្ធសាសនាសត្យាក្រឹត្យ ។
 ព្រះឧបជ្ឈាយ៍ជាព្រះគុណធ្ងន់រឹតទ្វេ
 បំបួសសង្ឃអង្គសាមណេរខ្មែរក្រោមពិត
 មានបារមីនិស្ស័យស្មោះសវិសុទ្ធិ
 សូមក្រាបលុតហត្ថវន្ទាជាគារវៈ ។
 ភិក្ខុនេនមានគ្រប់វត្តអត់ធ្មត់រៀន
 នូវរបៀបក្បួនបាលីវិន័យព្រះ
 អក្សរខ្មែរកេរដូនតាត្រាបានច្បាស់
 ដោយសារព្រះបារមីនៃឧបជ្ឈាយ៍ ។
 ព្រះគុណគ្រូ ក-ខ កម្ររកណាស់
 ទាំងព្រះសង្ឃនិងគ្រហស្ថស្មោះគ្រប់គ្នា
 ជួយបង្រៀនរបៀនសព្វគ្រប់វិជ្ជា
 មិនទាមទារថ្លៃបៀវត្សកត់សំណង ។
 គ្រូបង្រៀនឲ្យរៀនចេះចំណេះថ្លៃ
 ទាំងអក្សរខ្មែរប្រពៃថ្លៃកន្លង
 និងដីកាសាសនាពុទ្ធពិតចម្បង
 ល្អផូរផង់តម្រង់ផ្លូវទៅរកសុខ ។
គ្រូប្រាយប្រាប់ផ្លូវបាបបុណ្យនិងគុណទោស
ឲ្យសាងល្អធម៌ខ្ពង់ខ្ពស់រស់បានសុខ
លះបាបកម្មដែលនាំខ្លួនចួនជួបទុក្ខ
ត្រូវយកគុណស្រាលធ្ងន់មកទុកក្នុងចិត្ត ។
គ្រូបង្រៀនប្រៀនប្រដៅផ្លូវជិតឆ្ងាយ
 ដែលត្រូវដើរលើវិថីនៃជីវិត
 ត្រូវតស៊ូប្ដូរកម្លាំងប្រឹងអត់ធ្មត់
 ទើបជីវិតពិតជោគជ័យថ្លៃបវរ ។
 គ្រូបង្គាប់តែងកាព្យចួនក្បួននិពន្ធ
 ជាកំណាព្យរៀបរៀងឆន្ទឲ្យបានល្អ
 ដើម្បីចារសារគំនិតគិតឃើញល្អ
 ឲ្យអ្នកអានបានបវរប្ដូរសង្គម ។
 គ្រូបណ្ដុះព្រោះពូជពង្សវង្សអ្នកជាតិ
 ជាកូនខ្មែរកេរ៉ិ៍ឈ្មោះស្អាតជាតិឧត្ដម
 ឲ្យស្នេហារក្សាជាតិញាតិមូលជុំ
 ដែនមនោរម្យកម្ពុជាក្រោមឆោមបវរ ។
 ព្រះគុណធ្ងន់ពន់ពេកក្រៃបាយបាត្រញាតិ
 ញោមបរិស័ទស្អាតបរិសុទ្ធចិត្តស្មោះស
 ខំទំនុកទុកបម្រុងក្នុងចិត្តធម៌
 ដាក់បាត្រសង្ឃទ្រង់មកឈរនៅមុខផ្ទះ ។
 បាយសម្លដាំស្លឆ្អិនមិនហ៊ានឆី
 ដោះបាយក្ដៅនៅថ្មោងថ្មីលៃរូតរះ
 ដាក់បាត្រលោកមកទ្រង់បាត្រដោយគារវៈ
 សូមសុខៈប្រាសចាកទុក្ខរោគទាំងឡាយ ។
 ព្រះសង្ឃឆាន់ចង្ហាន់បាត្រស្អាតបរិសុទ្ធ
 ខំតាំងចិត្តអត់ធ្មត់រៀនរបៀនថ្លៃ
 ទាំងថ្ងៃយប់ស៊ប់ចិត្តរៀនក្បួនបាលី
 ជាភាសាសាសនាថ្លៃនៃព្រះពុទ្ធ ។
 បាយបាត្រថ្លៃនៃបរិស័ទនិងញាតិញោម
 បានឧបត្ថម្ភគាំទ្រសង្ឃប្រឹងរៀនសូត្រ
 អក្សរខ្មែរកេរដូនតាអស្ចារ្យពិត
 ដែលព្រេងព្រឹទ្ធគិតរក្សាចារទុកមក ។
 គុណបាយបាត្រស្អាតហ្មត់ហ្មងសង្ឃភោក្ដា
 ខំសិក្សាដីកាព្រះត្រាស់ទុកមក
 ហើយប្រតិបត្តិកំចាត់បង់លំអងរោគ
 ចិត្តអកុសលដែលផ្ដល់សោកទុក្ខឥតស្រាន្ត ។
 ហើយស្មឹងស្មាធិ៍ប្រតិបត្តិធម៌ល្អបរិសុទ្ធ
 ដែលព្រះពុទ្ធវិសុទ្ធិត្រាស់ដាស់ទូន្មាន
 ឲ្យប្រតិបត្តិហាត់ចិន្ដាត្រាដល់ឋាន
 ស្ងប់រម្ងាប់ស៊ប់និព្វានឋានសុខា ។
 ឆាន់បាយបាត្រឱហាតរៀនគ្មានទំនេរ
 តាមគម្ពីរបាលីប្រែខ្មែរបានចារ
 ហើយអធិប្បាយខៃសេចក្ដីលៃទេសនា
 ឲ្យបរិស័ទកើតបញ្ញាប្រាជ្ញាញាណ ។
 គុណវត្តវ៉ាអស្ចារ្យក្រៃថ្លៃអនគ្ឃ
 ជាពំនាក់សំណាក់សង្ឃទ្រង់បួសរៀន
 និងជាទីនៃបរិស័ទមកធ្វើទាន
 សន្សំបុណ្យបង្កើនញាណស្ពានអារ្យៈ ។ (អានថា៖ អារ-យៈ មកពី អរិយៈ)
 វត្តគឺជាសាលារៀនបង្រៀនធម៌
 ឲ្យធ្វើល្អដើរឲ្យត្រូវផ្លូវសច្ចៈ
 តាមបន្ទូលមូលដីកាព្រះពុទ្ធត្រាស់
 មានវឌ្ឍនៈប្រទះសុខទុក្ខរសាយ ។
 គ្រូជាសង្ឃបង្ហាត់សិស្សឲ្យចេះស្ទាត់
 អក្សរខ្មែរកេរព្រេងព្រឹទ្ធឥតនឿយណាយ
 និងសង្វាតពត់ឲ្យសិស្សចេះនិយាយ
 ភាសាខ្មែរកេរពណ្ណរាយថ្លៃបវរ ។
 វត្តជាឃ្លាំងតាំងវប្បធម៌ព្រលឹងជាតិ
 មានក្បូរក្បាច់រចនាបទ្មវិចិត្រល្អ
 ពុទ្ធសាសនាស្ដារចិត្តខ្មែរប្រែស្មោះស
 មានអក្សរល្អថ្លៃថ្លាភាសាសាស្ត្រ ។
 មានគម្ពីរត្រៃបិដកទុកតម្កល់
 ច្បាប់ក្រឹត្យក្រមអប់រំផ្ដល់ដល់ក្មេងចាស់
 ឲ្យសិក្សាស្ដារសីលធម៌បានល្អល្អះ
 មានសិល្បៈដាស់កម្សាន្តពេលបុណ្យទាន ។
 វត្តគឺជាសញ្ញលក្ខណ៍បញ្ជាក់ដល់
 ជនបរទេសរិះឈ្វេងយល់ស្គាល់វត្តមាន
 ជាតិខ្មែរក្រោមលោមម្ចាស់ដីពីបុរាណ
 មានចិត្តធម៌ល្អក្សេមក្សាន្តសន្ដានស្មោះ ។
 គុណនេះហើយឲ្យខ្មែរក្រោមឆោមពិសិដ្ឋ
 បានរស់រានមានជីវិតឋិតអមតៈ
 មានកេរ៉ិ៍ឈ្មោះខ្ពស់ឧត្ដមសមឥតខ្ចោះ
 ជនស្រីប្រុសរស់ថ្កុំថ្កើងរុងរឿងហោង ៕

 ......................

 ស្រង់ចេញពីសៀវភៅកំណាព្យ "ខ្លួនទីពឹងខ្លួន"

No comments:

Post a Comment