Thursday, May 28, 2020

ក្រឹមមាសក្នុងដប

(កំណាព្យមេពាក្យ ៤ បទកាកគតិ)

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ក្រឹមមាសពូជត្រី
រស់ក្នុងកុន្នទី             
ពុំស្គាល់សមុទ្ទ           
បានចូលក្នុងដប
ម្ចាស់គាប់ស្នេហ៍ស្និទ្ធ 
សម្ញែងពលឫទ្ធ 
ដាក់តែគ្នាឯង ។
ស្រកីស្រកា           
ដូចមាសភ្លឺថ្លា
ភ្លឺផ្លេកចិញ្ចែង             
បាននៅក្នុងដប 
ងប់ជោរម្នាក់ឯង
ពាលដាក់គេឯង
លែងស្គាល់ពូជភ្ងា ។ 
បញ្ចេញស្រកា     
ដាក់ពូជមច្ឆា
ក្រឹមជាតិដូចគ្នា   
ខ្លួននៅក្នុងដប
ស្មានថាសួគ៌ា
ខំប្រឹងជល់គ្នា
ផ្គាប់ផ្គុនម្ចាស់នាយ ។
រីឯក្រឹមក្តារ 
គិតពិភាក្សា
នឹងក្រឹមទន្សាយ 
ស្រងាកចិត្តថា
ក្រឹមមាសនឹងក្ស័យ 
ព្រោះពូកែវ៉ៃ
បានតែគ្នាឯង   ។
បើក្រឹមមាសខ្លាំង
គួរចេញតតាំង
នឹងពូជអណ្តែង
ដែលមានពិសពុល
គ្រោះថ្នាក់ក្រៃលែង 
មិនគួរចំបែង
គ្នាឯងសោះឡើយ ។
ម្ចាស់លែងត្រូវការ
ចាប់ច្រាស់ស្រកា
ស្លនឹងល្មៀតហើយ 
ជប់លៀងព្រៀងលាន
សប្បាយរំភើយ
ក្រឹមមាសក្ស័យហើយ 
គ្មានឡើយស្រណោះ ៕ ៚

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែចេត្រ ឆ្នាំ ថោះត្រីស័ក
ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ២១ ខែមេសា គ. ស.  ២០១១
 

No comments:

Post a Comment