Thursday, May 28, 2020

ក្រមាម្ដាយខ្ញុំ

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ក្រមាម្ដាយមួយត្រួយជីវិត
ម្ដាយតែងជួតជិតនិត្យកេសា
ទោះធ្វើដំណើរទៅមកណា
ក្រមានេះណាត្រាជាប់ប្រាណ ។
ខួបប្រាំងវស្សាម្ដាយធ្វើស្រែ
ក្រមាតែងតែផ្ដល់សុខសាន្ត
បិទបាំងកំដៅយ៉ាងក្សេមក្សាន្ត
ឬម្ដាយវ័ណ្ឌប្រាណពេលរងា ។
អាណិតរូបម្ដាយកាយលំបាក
ញើសហូរសស្រាក់ហាក់គង្គា
ម្ដាយយកក្រមាដិតភក្រ្តា
ស្បើយក្នុងឱរាចិន្ដាល្ហែ ។
ថ្ងៃសីលម្ដងៗម្ដាយទៅវត្ត
គោរពត្រៃរ័ត្នឥតខានទេ
ថ្វាយភត្តព្រះសង្ឃជាហូរហែ
ក្រមាតែងតែជាប់លើស្មា ។
កាលកូននៅតូចក្រូចឆ្មារពិត
ម្ដាយស្នេហ៍ម្ដាយស្និទ្ធផ្ដិតឱរា
ម្ដាយយកក្រមាគ្របកាយា
ឲ្យកូននិន្ទ្រាត្រាស្កប់ស្កល់ ។
កូនកេងអង្រឹងលង់ទយា
មូសរបោមជាសត្វអំពល់
ក្រមាធ្វើផ្លិតផាត់បក់ផ្ដល់
ដោយហត្ថនិមលម្ដាយឧត្ដម ។
កូនហៀរសម្បោរឬទឹកមាត់
ទឹកក្អែទឹកមូត្រម្ដាយឥតតម
ក្រមាតែងដិតជូតថ្នមៗ
ម្ដាយបីម្ដាយបមលោមត្រកង ។
ពេលរំជួលអួលណែនព្រះទ័យ
ឬកើតរីងរៃភ័យម្ដងៗ
ទឹកភ្នែកជោរជោកភ័ក្ត្រផូរផង់
ក្រមាឆោមយង់លួងចិត្តម្ដាយ ។
មហាសង្វេគសំរែកទុក្ខ
ម្ដាយឆោមទៅមុខកាន់លោកនាយ
ក្រមាដណ្ដប់គ្របសពម្ដាយ
ក្រមានិត្យកាយលុះអវសាន ។
រូបកូនសែនស្រណោះស្រណោក
បន្សល់សំណោកពេញអាត្ម័ន
បាត់ក្រមាបាត់ម្ដាយគុណធ្ងន់
ឱ ! អ្នកមានគុណគឺម្ដាយខ្ញុំ ៕៚

កំណាព្យនេះ អាត្មាបាននិពន្ធកាលនៅ វត្តចម្ប៉ាបូរី (ត្រោកលិច)
និង បាន ទស្សនាវដ្ដីវប្បធម៌ត្រាវិញ  យកទៅចុះផ្សាយ នៅឆ្នាំ ២០០៥ ។

No comments:

Post a Comment