(កំណាព្យមេពាក្យ ៨)
និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)
កម្ពុជាក្រោមដែនដីសណ្ដ
ធម្មជាតិស្រស់ល្អជាកេរខេមរា
ត្រូវយួនកាន់កាប់បន្តត្រួតត្រា
ខ្មែរក្រោមខ្លោចផ្សាលើទឹកដីខ្លួន ។
ភូមិស្រុកនានាជាភាសាខ្មែរ
ត្រូវយួនកែប្រែជាភាសាយួន
កូនខ្មែរគ្រប់រូបសូមកុំភ្លេចខ្លួន
ខំជួយថែថួនឈ្មោះភូមិស្រុកខ្មែរ ។
ព្រៃនគរ ប្ដូរជា ហូជីមិញ
កូនខ្មែរទោម្នេញរងទុកឥតល្ហែ
កំពង់ឫស្សី ប្ដូរជា បេនត្រែ
មាត់ជ្រូក យួនកែទៅជា អាងយ៉ាង ។
ខេត្តព្រះត្រពាំង ប្ដូរជា ត្រាវិញ
ឯ
ខេត្តឃ្លាំង វិញប្ដូរជា សុកត្រាំង
ខេត្តកំពង់គោ ប្ដូរជា ឡុងអាង
បំបាត់ភស្តុតាងដីខ្មែររុងរឿង ។
ខេត្តទួលតាមោក ដីធំពន់ពេក
ត្រូវយួនពុះចែកបំបាត់ដើមរឿង
ចេញជាពីរខេត្តបិនភឿង បិនយឿង
កូនខ្មែរចាំរឿងនេះឲ្យបានច្បាស់ ។
ស្ដាយខេត្តទឹកខ្មៅ ប្ដូរជា កាម៉ាវ
ឯ ខេត្ពពលលាវ ឈ្មោះពីរោះណាស់
ប្ដូរជា បាកលីវ ធ្វើឲ្យក្មេងចាស់
ភ្លេចប្រវត្តិសាស្ត្រខ្មែរជាម្ចាស់ស្រុក ។
ក្រុងព្រៃឫស្សី ប្ដូរជា កឹងធើ
ឯ ខេត្តលង់ហោរ ប្ដូរខុសទំនុក
ទៅជា វិញឡុង ខ្មែរត្រូវចាំទុក
ខេត្តពាម យួនយកប្ដូរជា ហាតៀង ។
ដី ខេត្តមេស ប្ដូរជា មីថ
កោះគង
ឈ្មោះល្អប្ដូរជា ហ្គហ្គុង
ខេត្តពីររួមមកហៅថា តៀងយ៉ាង
បារាជ ពង្វាងប្ដូរជា រ៉ាច់យ៉ា ។
ឯ ខេត្តផ្សារដែក យួនហៅ សាដែក
អូរកាប់ សង្វេគនិង ព្រះសួគ៌ា
យួនហៅ បារាវុងតាវ រួមគ្នា
ដូនណៃ កំព្រាប្ដូរជា ដុងណាយ ។
ខេត្តរោងដំរី ប្ដូរជា តីនិញ
ឯ កោះត្រល់ វិញយួនបានកាឡៃ
ហៅថា ភូក្វឹក ឥតមានសំចៃ
កោះត្រឡាច លៃប្ដូរជា កូងដាវ ។
ដីខ្មែរឈ្មោះខ្មែរតាំងពីដើមមក
យួនដណ្ដើមយកហើយប្ដូរឈ្មោះហៅ
ខ្មែរក្រោមគ្រប់រូបត្រូវប្រាប់កូនចៅ
ប្រវត្តិពង្សផៅយើងជាម្ចាស់ស្រុក ៕៚
សហរដ្ឋអាមេរិក ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក
ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែមករា គ. ស. ២០១៨
No comments:
Post a Comment